(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បាននាំយកនូវថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក និងឱសថបុរាណចិន Lianhua Qingwen ចំនួន១ម៉ឺនប្រអប់ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (T.Y.D.A) ក្រោមវត្តមានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ស្ថិតក្នុងពិធីសំណេះសំណាលដ៏សែនកក់ក្តៅ និងជិតស្និត ក្នុងឱកាសប្រគល់និងទទួលនេះ លោកស្រីបណ្ឌិត តំណាងឲ្យសមាគម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងអស់ពីចិត្តដល់អ្នកឧកញ៉ា លោកជំទាវ និងក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភទាំងថវិកា និងសម្ភារ ដល់សមាគម និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការការពារយ៉ាងហ្មត់ចត់ ក៏ដូចជាកិច្ចខិតខំឥតគណនារបស់កងទ័ព ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងជួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស ជាពិសេសស្របពេលដែលវីរុសបំប្លែងថ្មីDelta កំពុងរាតត្បាតនៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរ កន្លងមកក្រុមហ៊ុន ជីប ម៉ុង ក៏បានបរិច្ចាគថវិកា និងសម្ភារសរុបប្រមាណ ១០លាន៦សែនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱសថបុរាណចិន Lianhua Qingwen ចំនួន ១២៥០០ ប្រអប់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំង និងបញ្ជៀសពីការរីករាលដាលនៃជំងឺកូវីដ-១៩៕