(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងនៅគ្រប់ទីតាំងដែលបានកំណត់ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, រដ្ឋបាលខេត្ដកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលស្នាក់នៅខេត្ដកំពង់ឆ្នាំង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ និងមាតាបិតា អាណាព្យាបាលដែលមានកូនអាយុចាប់ពី១២ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែក, មណ្ឌលសុខភាព និងនៅតាមទីតាំងដែលបានកំណត់ដូចខាងក្រោម៖

*ទី១៖ ក្រុងកំពង់ឆ្នាំង (មាន៤ទីតាំង)
*ទី២៖ ស្រុកបរិបូណ៌ (មាន៤ទីតាំង)
*ទី៣៖ ស្រុករលាប្អៀរ (មាន១៣ទីតាំង)
*ទី៤៖ ស្រុកទឹកផុស (មាន៥ទីតាំង)
*ទី៥៖ ស្រុកសាមគ្គីមានជ័យ (មាន៧ទីតាំង)
*ទី៦៖ ស្រុកកំពង់ត្រឡាច (មាន៦ទីតាំង)
*ទី៧៖ ស្រុកជលគីរី (មាន៣ទីតាំង)
*ទី៨៖ ស្រុកកំពង់លែង (មាន៨ទីតាំង)។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាក់ថ្នាក់បន្តចុះផ្សព្វផ្សាយចលនា លើកទឹកចិត្ត និងកៀរគរប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ប្រជាពលរដ្ឋ ឬនិស្សិត ដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបញ្ចប់ការធ្វើចត្តាឡីស័ក និងស្ត្រីទើបសម្រាលកូនជាដើម) ឱ្យមកចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងនៅតាមទីតាំងដូចបានកំណត់ខាងលើ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅរៀងរាល់ម៉ោងធ្វើការពេលព្រឹកចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី និងពេលរសៀលចាប់ពីម៉ោង១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋមានពិការភាព និងចាស់ជរា ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ដែលពួកគាត់មិនអាចធ្វើដំណើរមកទទួលចាក់វ៉ាក់សាំងបាន ដោយត្រូវសហការជាមួយក្រុមគ្រូពេទ្យ ចល័តចុះចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យដល់លំនៅដ្ឋានពួកគាត់។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍៕