(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការយុទ្ធសាស្ត្រទិសដៅបន្តដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង និងអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

ការដាក់ចេញផែនការផែនការយុទ្ធសាស្ត្រទិសដៅបន្តដល់កម្លាំងនគរបាលរបស់ខ្លួន របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការក្រុង ស្រុក ទាំង៩ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ វរ ៩១១-៨៩១-៨០៧-៨១៥ ផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា កងកម្លាំងត្រូវពង្រឹងការងារភូមិឃុំមានសុវត្ថិភាព, ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសជួញដូរផ្លូវភេទលើស្ត្រី និងកុមារ, បង្ក្រាបរាល់ល្មើសជួញដូរគ្រឿងញៀន, បង្ក្រាបរាល់ក្មេងទំនើងនឹងក្រុមម៉ូតូស៊ីម៉ាំងប្រែន, ទប់ស្កាត់ការធ្វើបដិវត្តន៍ និងការប្រឆាំងរបស់ក្រុមឧទ្ទាមក្រៅច្បាប់, ត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា, ត្រូវគ្រប់គ្រងឱ្យបានរាល់ចំណូលស្រុក និងចំណាកស្រុក តាមមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានវាយតម្លៃលទ្ធផលការងាររយៈពេល៩ ខែកន្លងមក ក៏បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងាររបស់ខ្លួន បានជោគជ័យជាបន្តបន្ទាប់ ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អ និងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ៕