(ភ្នំពេញ)៖ ក្រោយមានភ្លៀងធ្លាក់ជោគជាំមួយមេធំ និងដើម្បីទប់ស្កាត់ការកកស្ទះប្រព័ន្ធលូបង្ហូររំដោះទឹកចេញ និងទប់ស្កាត់ការលិចលង់ផងនោះ, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទួលគោក ប្រជាការពារសង្កាត់ និងមេភូមិផងដែរ បានចុះពិនិត្យមើល និងកាយកាកសំណល់សំរាមចេញពីតាមបណ្ដារមាត់លូនិមួយៗ។

នេះបើតាមការបញ្ជានិងបញ្ជាក់របស់លោក ជា ពិសី អភិបាលថ្មីខណ្ឌទួលគោក ដែលបានរាយការណ៍ជូន រដ្ឋបាលរាជធានីភ្នំពេញ អំពីស្ថានភាពទឹកភ្លៀងកំពុងធ្លាក់ក្នុងកម្រិតបង្គួរ នៅផ្លូវកម្ពុជាក្រោម, ស្តុបកោសដូង និងនៅផ្លូវ២៣០ កែងនិងមហាវិថី ម៉ៅ សេទុង ក្នុងខណ្ឌទួលគោកនាព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ក្នុងរបាយការណ៍របស់លោក ជា ពិសី អភិបាលថ្មីខណ្ឌទួលគោករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ប្រជាការពារសង្កាត់ និងមេភូមិ បានចុះពិនិត្យស្ថានភាពទឹកភ្លៀង ដែលកំពុងធ្លាក់ក្នុងកម្រិតបង្គួរ និងបានកាយសំរាមចេញពីមាត់លូ ធ្វើឱ្យទឹកភ្លៀងហូរចូលលូ និងមិនបង្កឱ្យមានការកកស្ទះលូឡើយ ស្ថិតនៅផ្លូវកម្ពុជាក្រោម, ស្តុបកោសដូង និងនៅផ្លូវ២៣០ កែងនឹងមហាវិថី ម៉ៅ សេទុង ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ជូនប្រជាពលរដ្ឋ»