(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ នៅតំបន់មានហានិភ័យទាប ឲ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

នេះបើតាមសេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។

ក្រសួងអប់រំបានឲ្យដឹងទៀតថា ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឲ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀន តាមបណ្តុំនៅសាលារៀន និងបែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់, ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប។

ក្រសួងអប់រំនៅតែបន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្ស ក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិកអនុវត្តការធ្វើតេស្ត។

លើសពីនោះទៀត ការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ ឲ្យបានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាសប្រចាំឆ្នាំ។ នេះជាការគូសបញ្ជាក់បន្ថែម របស់ក្រសួងអប់រំ។

បន្ថែមពីនោះទៀត ក្រសួងអប់រំ ក៏បានតម្រូវឲ្យគ្រូបង្រៀន ដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។ ហើយក៏មិនអនុញ្ញាតឲ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឲ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ៕