(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១។

ក្នុងឱកាសទទួលបានវ៉ាក់សាំងនេះ ប្រជាពលរដ្ឋរស់នៅស្រុករុក្ខគីរីទាំងអស់ បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ-កម្មការិនី និយោជិតដោយឥតគិតថ្លៃ។

ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យរលូននោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក និងភូមិព្រែកតាវែន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក្តីត្រូវប្រកាន់ខ្ជាប់វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងវិធានការនានារបស់ក្រសួងសុខាភិបាល៕