(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ ពលរដ្ឋកម្ពុជា ដែលរងគ្រោះក្នុងករណីជួញដូរមនុស្ស ចាញ់បោកមេខ្យល់ ឆ្លងដែនខុសច្បាប់ និងមិនអាចទ្រាំទ្រលក្ខខណ្ឌការងារចំនួន ២,៣១៧នាក់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងត្រូវបញ្ជូនមកមាតុប្រទេសវិញ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ពាក់ព័ន្ធវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានសង្គ្រោះ ផ្តល់ការឧបត្ថម្ភ និងសម្របសម្រួល ធ្វើមាតុភូមិនិវត្តន៍ ពីក្រៅប្រទេសមកកម្ពុជាវិញ មានសរុប ២,៣១៧នាក់ ស្រ្តី ៩៧២នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១។ ពួកគេត្រូវបានសង្គ្រោះ ពីប្រទេស៨ រួមមានម៉ាឡេស៉ី ចិន សឹង្ហបូរី ថៃ ឥណ្ឌូណេស៉ី វៀតណាម ឡាវ និងឥណ្ឌា ហើយមានមកពីចិន ២៣១នាក់ ដែលអ្នកទាំងនោះ ត្រូវបានគេធ្វើការសន្និដ្ឋានបថមថា ជាករណីឆ្លងដែនខុសច្បាប់ ពលករខុសច្បាប់ ចាញ់បោកមេខ្យល់ ខ្លះពាក់ព័ន្ធករណីជួញដូរមនុស្ស និងមិនអាចទ្រាំទ្រការងារបាន»

បើតាមលោកស្រី ជូ ប៊ុនអេង, នៅឆ្នាំ២០២០កន្លងទៅ មានប្រជាពលកម្ពុជារងគ្រោះ ១,៥៧៤នាក់ ពាក់ព័ន្ធការងារខុសច្បាប់ ត្រូវបានស្ថានតំណាងផ្លូវការកម្ពុជានៅបរទេសជួយសង្គ្រោះ និងបញ្ជូនមកមាតុប្រទេសវិញ។

មន្ត្រីជំនាញបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ៦ខែ ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចំនួន ១៩៨ករណី កើនឡើង ១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណី។

លោកស្រី ជូ ប៊ុនអេង បានបន្តថា ក្នុងការបង្ក្រាបទាំង ១៩៨ករណី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់ ក្នុងនោះករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ១៣៩ករណី ដែលឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងការធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ដែលឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់។

លោកស្រីកត់សម្គាល់ថា ករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ទាំង ១៣៩ករណី ភាគច្រើន ក៏ជាការនាំចេញដោយខុសច្បាប់សម្រាប់ឆ្លងដែន ដែលមានរហូតដល់ទៅ ១២១ករណី ឃាត់បានជនសង្ស័យ ១៩៨នាក់។ នៅមានប្រភេទនៃការជួញដូរមនុស្ស និងកេងវ័ញ្ច ច្រើនទៀត ប៉ុន្តែចំណុចដែលលើកឡើងនេះ ជាករណីធំៗ និងទូទៅ។

ចំពោះការបង្រ្កាបបានច្រើនបែបនេះ ត្រូវបានលោកស្រី ជូ ប៊ុនអេង ពន្យល់ថា មកពីដៃគូពាក់ព័ន្ធសហការគ្នាបានល្អ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គមមនុស្សជាតិ៕