(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំនាយ នាយរង និងមន្ដ្រីអាវុធហត្ថទាំងអស់យកសំណាកដើម្បីស្វែងរកជំងឺកូវីដ១៩ បន្ទាប់ពីបានបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំង នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ដ្រក្រុងស្ទឹងត្រែង។

ការដឹកនាំមន្ដ្រីយកសំណាកតាមរយៈការធ្វើតេស្ដរហ័ស និង PCR (ម៉ាស៉ីនធំ) នេះដោយអនុវត្តតាមការណែនាំ និងគោរពទៅតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីគិតគូរអំពីសុខភាពរបស់កងកម្លាំង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា តាមរយៈការធ្វើតេស្ដរហ័សជាលទ្ធផល អាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ អវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្ដែដើម្បីប្រាកដកាន់តែច្បាស់បន្ថែមទៀត មន្ដ្រីទាំងអស់ត្រូវយកសំណាកដោយម៉ាស៉ីន PCR នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។ ក្រៅពីមន្ដ្រីអាវុធហត្ថ ក្រុមគ្រួសាររបស់ពួកគាត់ ដែលមកចូលរួមយកសំណាកនេះ ក៏អវិជ្ជមានជំងឺកូវីដ១៩ ដូចគ្នាផងដែរ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលមានលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរ បានផ្ដល់កិច្ចសហការយ៉ាងល្អលើការងារយកសំណាកនេះជាបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្ថែមទៀតថា ព្រមទាំងជាមួយដែលមន្ដ្រីអាវុធហត្ថខេត្តស្ទឹងត្រែងយកសំណាកនេះ សាខាក្រុមហ៊ុន Honda ប្រចាំខេត្តស្ទឹងត្រែង ក៏បានស្ម័គ្រចិត្តចូលរួមមកយកសំណាកផងដែរ ដែលដឹកនាំដោយលោក ឈួរ សែ និងលោកស្រី ជូ សោភា៕