(ព្រះវិហា)៖ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំផ្លែមៀនចំនួន៥០០គីឡូក្រាម ដែលទទួលបានពីរដ្ឋបាលខេត្តព្រះវិហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់កងកម្លាំងទាំង៣ មន្ត្រីនៅតាមការិយាល័យចំណុះរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង៨ ក្រុមការងារចាក់វ៉ាក់សាំង និងអ្នកកំពុងធ្វើចត្តាឡីស័កទូទាំងស្រុកឆែប។

ក្នុងឱកាសនេះដែរ សុខ សាន្តតារ៉ា បានថ្លែងថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅក៏ដូចជា សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ។

ជាពិសេសក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋ ទូទៅឱ្យបានល្អបំផុត។

ជាក់ស្ដែងពេលនេះ មិនត្រឹមតែបាន យកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខមាលភាព អាយុជីវិតនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេថែមទាំងបាន បរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋ អ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។

ក្នុងនាមរដ្ឋបាលស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកឆែប លោក សុខ សាន្តតារ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេចទាំងទ្វេ មានសុខភាពល្អ អាយុយឺនយូរដើម្បីដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍន៍រីកចំរើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋបាលខេត្តព្រះវិហារ បានទទួលផ្លែមៀន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ធ្វើការបែងចែកបន្តដល់កងកម្លាំងទាំង៣មន្ត្រីជួរមុខ និងរដ្ឋរដ្ឋបាលក្រុងស្រុកទាំង៨ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌុលផ្សេងៗផងដែរ៕