(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ដោយមូលហេតុមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

*ត្រូវអនុវត្តតាមសេចក្តីសម្រេច លេខ ៥៤ ស.ស.រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា
*មន្ត្រីរាជការស៊ីវិលដែលប្រចាំការនៅតំបន់បិទខ្ទប់ត្រូវពាក់ប័ណ្ណសំគាល់ខ្លួន
*ត្រូវរៀបចំកងកម្លាំងការពារ ដើម្បីការពារកុំឱ្យមានការចេញ-ចូល ឱ្យបានសមស្របទៅតាមទំហំការងារ
*ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផ្ទះបិទខ្ទប់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
*ត្រូវរៀបចំចងខ្សែហ៊ុព័ទ្ធ នៅភូមិបិទខ្ទប់ ឱ្យបានត្រឹមត្រូវ
*ត្រូវចាក់ផ្សាយអំពីវិធានការការពារ «៣កុំ និង៣ការពារ» ឱ្យបានមួយថ្ងៃ៣ដង ក្នុងតំបន់បិទខ្ទប់
*ត្រូវចាត់មន្ត្រីពាក់ព័ន្ធតាមដានពីសុខភាពប្រជាពលរដ្ឋ នៅភូមិបិទខ្ទប់ជាប្រចាំ
*ត្រូវរៀបចំឱ្យមានអ្នកលក់ដូរចល័ត

ដោយឡែកប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសុខាភិបាល និងការណែនាំ «៣កុំ និង៣ការពារ» ឱ្យជាប់ជាប្រចាំ ហើយករណីផ្ទះដែលត្រូវបិទខ្ទប់មានលក់ដូរ គឺមិនត្រូវអនុញ្ញាតឱ្យលក់ដូរទំនិញឡើយ៕