(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបានពីការចម្លងនៃជំងឺកូវីដ១៩។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ជាបណ្តោះអាសន្នមួយផ្នែក ស្ថិតនៅផ្សារ ប៉េង ឃុន ក្នុងក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង បានផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកបានបញ្ជាក់ថា «នៅទូទាំងក្រុង ស្រុក ក្នុងខេត្តមណ្ឌលគិរីយើងនេះ កំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល»

បន្ថែមលើសនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឬមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ជូនទៅអាជ្ញាធរក្នុងមូលដ្ឋាន៕