(ភ្នំពេញ)៖ ក្រុមហ៊ុនមីជាតិ បានឧបត្ថម្ភទាំងស្រុង ដល់ការបំពាក់សម្ភារបរិក្ខារ ប្រើប្រាស់ជាច្រើនមុខ ក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ប្រតិបត្តិការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការពិនិត្យសំណាកឱ្យបានឆាប់រហ័ស ដើម្បីកាត់ផ្តាច់រលកចម្លង ជំងឺជាសកលកូវីដ១៩។

ពិធីប្រគល់-ទទួលសម្ភារមណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិការ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម។

ដោយឃើញពីតម្រូវការចាំបាច់ គួបផ្សំជាមួយការដាក់ឲ្យដំណើរការ មន្ទីរពិសោធន៍តេស្ត ម៉ាស៊ីន PCR នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុនមីជាតិ ក្នុងនាមវិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការបំពាក់ បរិក្ខារបម្រើឲ្យប្រតិបត្តិការ នៃមណ្ឌលយកសំណាកកូវី១៩ ដែលស្របតាមស្តង់ដារប្រតិបត្តិ នៃក្រសួងសុខាភិបាល។

លោកស្រីអ្នកឧកញ្ញ៉ា ជឹង សុគន្ធាវី ការបំពាក់ សម្ភារបរិក្ខារ ក្នុងមណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នេះត្រូវធ្វើឡើង ដើម្បីគាំទ្រដល់ការផ្តល់សេវា ពិនិត្យ យកសំណាកជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងមានផាសុខភាព។

លោកស្រីបានបន្តថា ការឧបត្ថម្ភគាំទ្រនេះ ត្រូវបានរៀបចំឡើង ក្រោមគម្រោង «ខ្មែរដើម្បីខ្មែរ» ដែលជាកម្មវិធីបង្កើតឡើង ដើម្បីគាំទ្រដល់សកម្មភាពនានា ក្នុងការឆ្លើយតបបន្ទាន់ នឹងការរីករាលដាល នៃវីរុសកូវីដ១៩។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានចាត់ទុកថា ការឧបត្ថម្ភសម្ភារបរិក្ខារ ក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឍមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃនេះគឺ ជាកាយវិការដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនមីជាតិ ក្នុងការឆ្លើយតបបន្ទាន់ នឹងតម្រូវការខ្វះខាត និងចាំបាច់របស់មជ្ឈមណ្ឌល ដែលនេះស្តែងចេញពីការយកចិត្តទុកដាក់ ក្នុងចូលរួមក្នុងការងារសង្គម ជាពិសេសគាំទ្រដល់យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

សម្ភារបរិក្ខារ ដែលត្រូវបានបំពាក់ ជូនមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រួមមាន៖ គ្រឿងសង្ហារឹម បន្ទប់ទឹកចល័ត របាំងការពារ ស្លាកសញ្ញា បដាផ្សេងៗ និងឯកសណ្ឋាន ដែលស្របតាមស្តង់ដារប្រតិបត្តិ នៃក្រសួងសុខាភិបាល ដោយប្រើប្រាស់ថវិកា នៃគម្រោង «ខ្មែរដើម្បីខ្មែរ» របស់មីជាតិ។ រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់មីជាតិ អាចកើតឡើងក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មុនដំបូងគេ ដែលផលិតដោយជនជាតិខ្មែរ និងមានរសជាតិខ្មែរ។

គូសបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មីជាតិ បានរៀបចំនូវយុទ្ធនាការ ជាច្រើន រួមមាន៖ ការចែកស្បៀងអាហារ ម៉ាសអាកុល ជូនកងកម្លាំងបិទខ្ទប់ សិស្សនិស្សិតក្រីក្រ អ្នករត់រ៉ឺម៉ក ក្នុងរាជធានីភ្នំពេញ និង វីរជនអាវស នៅតាមមន្ទីរសុខាភិបាល នាបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ មីជាតិ បានតាំងចិត្តក្នុងការ បន្តចូលរួមគាំទ្រ និងឧបត្ថម្ភយ៉ាងពេញទំហឹងនូវសកម្មភាពនានា ក្នុងបុព្វហេតុជួយដល់សង្គមកម្ពុជា។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕