(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញមុខលើប៉ុស្តិ៍ទូរទស្សន៍ថៃ ដើម្បីបង្ហាញនូវសក្តានុពលវិនិយោគ និងវិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងកំលុងពេលបំពេញការងារមួយចំនួននាទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត សុខ សុក្រឹត្យា ត្រូវបានលោក Akarat Nitibhon ពិធីករក្នុងកម្មវិធី KONG STORY របស់ទូរទស្សន៍ Workpoint TV Channel 23 របស់ថៃ អញ្ជើញធ្វើកិច្ចសម្ភាសន៍មួយចំនួនពាក់ព័ន្ធការវិនិយោគ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី KONG STORY ជាកម្មវិធីដ៏ធំ និងល្បីល្បាញបំផុតមួយក្នុងប្រទេសថៃ ដែលមានអ្នកទស្សនាជាង ២០លាននាក់។

ក្នុងបទសម្ភាសន៍នោះ លោកបណ្ឌិត បានលើកបង្ហាញអំពីសុខសន្តិភាពដ៏ពេញលេញរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសនៅកម្ពុជា ដោយសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន និងជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលសម្រេចបានជាង ៩០% នៃប្រជាជនគោលដៅ ១០លាននាក់ និងកំពុងបន្តចាក់ដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋ។

លោក សុខ សុក្រឹត្យា ក៏បានជម្រាបទស្សនិកជន និងវិនិយោគិនថៃ ឱ្យបានយល់ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលជាឱកាសវិនិយោគដ៏ល្អប្រសើរក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ។ ជាពិសេសការវិនិយោគលើសហគ្រាសធនតូច និងមធ្យម (SME)។

ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជា ទេសចរណ៍បេតិកភណ្ឌអន្តរជាតិ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍តំបន់ឆ្នេរ (មានការមុជទឹកមើលផ្កាថ្ម មើលជីវចម្រុះនៅបាតសមុទ្រ) ទេសចរណ៍បែបផ្សងព្រេង (Adventure Tourism) និងទេសចរណ៍យុវវ័យ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតផលិតផល និងសម្បទាទេសចរណ៍ថ្មីៗ បម្រើដល់វិស័យទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានរំលឹកពីចំណងមិត្តភាពដ៏ល្អ និងយូរអង្វែងរវាងកម្ពុជាថៃ នឹងបន្តខិតខំថែរក្សាចំណងមិត្តភាពនេះឱ្យកាន់តែល្អផូរផង់រហូតដល់ជំនាន់ក្រោយៗទៀត។

មុននឹងបញ្ចប់កិច្ចសម្ភាសន៍ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានសំណូមពរដល់ធុរជន និងវិនិយោគិនថៃ ឱ្យបន្តចូលមកវិនិយោគនៅកម្ពុជា។ ជាពិសេសវិនិយោគលើវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ច សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងសម្បទាពាក់ព័ន្ធទេសចរណ៍ នៅប៉ូលអាទិភាពទាំង៤ គឺតំបន់ទេសចរណ៍វប្បធម៌សៀមរាប-អង្គរ រាជធានីភ្នំពេញនិងតំបន់ជុំវិញ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន (អេកូទេសចរណ៍)៕