(ព្រះសីហនុ)៖ បុរសម្នាក់នៅខេត្តព្រះសីហនុឈ្មោះ លឹម ហ៊ុយឡេង និងភរិយា បានធ្វើប្លង់ដីជាន់លើដីស្ត្រីម្នាក់ឈ្មោះ ខូវ ប៉ោស៊ាង ហើយក៏ត្រូវម្ចាស់ដីប្តឹងតាំងពីសាលាដំបូង រហូតត្រូវតុលាការកំពូលកាត់ឲ្យដើមបណ្តឹងឈ្នះ ប៉ុន្តែបែរជាភាគីចុងចម្លើយ មិនគោរពតាមអំណាចសាលដីកានោះទៅវិញ គឹបានចុះរារាំងពេលតុលាការចុះអនុវត្តប្រគល់ដីជូនម្ចាស់ដើមវិញ។ នេះបើតាមសាលដីកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ដីទាំងមូលមានទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានតុលាការកំពូលសម្រេច ប្រគល់ឲ្យម្ចាស់ដើមវិញទាំងស្រុង តាមអំណាចសាលដីកាតុលាការកំពូល ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ បន្ថែមលើនេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តុលាការកំពូល ក៏បានចេញសាលដីកាមួយទៀត សម្រេចច្រានចោលបណ្តឹងទាមទារឲ្យជំនុំជម្រះឡើងវិញសាជាថ្មី ក្រោយចុងចម្លើយមិនពេញចិត្ត នឹងការសម្រេចរបស់តុលាការកំពូល។

លោកស្រី ខូវ ប៉ោស៊ាង បានបញ្ជាក់ថា លោក លឹម ហ៊ុយឡេង និងប្រពន្ធ បានធ្វើប្លង់កម្មសិទ្ធិជាន់លើដីរបស់លោកស្រីទាំងបំពាន ដោយហេតុដូចនេះហើយលោកស្រី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារយកដីខាងលើនេះ។ សាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេច និងតម្រូវឱ្យលោក លឹម ហ៊ុយឡេង និងប្រពន្ធប្រគល់ដីខាងលើ មកលោកស្រីវិញ ដោយសំអាងដីរបស់លោកស្រីមានវិញ្ញាបនបត្រសម្គាល់ អចលនវត្តុលេខ (១៨០១០ ២០២.០៣៨៩) ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

ការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបានលោក លឹម ហ៊ុយឡេង និងប្រពន្ធបានដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បន្តកាត់ឲ្យចាញ់។ មិនអស់ចិត្ត ចុងចម្លើយបន្តប្តឹងដល់តុលាការកំពូល ដោយតុលាការកំពូល នៅតែសម្រេចឱ្យលោក លឹម ហ៊ុយឡេង និងប្រពន្ធឈ្មោះ អ៊ុង ថាវី ប្រគល់ដីដែលមានទំហំ ៥៣៧៧ម៉ែត្រការ៉េ ទៅលោកស្រី ខូវ ប៉ោស៊ាង ដដែល។

តុលាការថែមទាំងចេញបង្គាប់ឱ្យអាជ្ញាធរសុរិយោដី ដែលមានសមត្ថកិច្ចធ្វើវិធីផ្ទេរចុះបញ្ជីកម្មសិទ្ធិ (កាត់ឈ្មោះ) ដីដែលមានទំហំ ៥៣៧៧ម៉ែត្រការ៉េ ប្រគល់ឱ្យលោកស្រី ខូវ ប៉ោស៊ាង ប៉ុន្តែរអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺលោក លឹម ហ៊ុយឡេង និងប្រពន្ធ ហាក់មានចេតនាមិនព្រមអនុវត្តតាមសាលដីការបស់តុលាការកំពូលនោះឡើយ បើទោះជាលោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅអនុវត្តសាលដីកាតុលាការកំពូល ដល់ទីតាំងដីដែលត្រូវប្រគល់ឱ្យលោកស្រី ខូវ ប៉ោស៊ាង ដែលម្ចាស់វិញក៏ដោយ។

ជុំវិញបញ្ហានេះលោក លឹម ហ៊ុយឡេង បានទទូលស្គាល់ថា លោកពិតជាចាញ់ក្តីពិតប្រាកដមែន ហើយលោកក៏មិនប្រឆាំងនឹងអំណាចសាលដីការបស់តុលាការកំពូលនោះដែរ។ ប៉ុន្តែលោក នៅតែអះអាងថា លោកជាម្ចាស់កម្មសិទ្ធិដីនោះ ហើយថែមទាំងធ្វើសកម្មភាពរេរាំង ពេលម្ចាស់ដីចាប់ផ្តើមអាស្រ័យផលទៅវិញ។

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ មិនទាន់អាចស្វែងរកការបកស្រាយពីខាងចុងចម្លើយទាំង២នាក់ប្តីប្រពន្ធវិញនោះទេ៕