(ពោធិ៍សាត់)៖ រថយន្តស៊េរីទំនើប១គ្រឿង បោះពួយក្នុងល្បឿនលឿន បានបុកជនជាតិចិន០២នាក់ស្លាប់ ជនបង្កបានរួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៣៖៣៣នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចលើផ្លូវចាក់បេតុង ខាងមុខអគារក្រុមហ៊ុនចិន ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយ រថយន្តម៉ាក Bentlev (បេនលី) ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2E-3333 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងល្បឿនលឿន បានបុកជាមួយជនជាតិចិន កំពុងដើរនៅលើផ្លូវ បណ្តាលឱ្យស្លាប់ ចំនួន០២នាក់ រួមមាន៖

ទី១៖ ឈ្មោះ WANG CHONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ ZENG BTAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ទាំង២នាក់ មានមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុមហ៊ុនចិនភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនរៀបចំចាត់ចែង។ ចំពោះរថយន្តបង្កត្រូវបានរក្សាទុកនៅប៉ុស្តិ៍ថ្មដា រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ៕