(កំពត)៖ បន្ទាប់ពីមានការបើកឱ្យមានចលនាទេសចរឡើងវិញ ក្នុងសប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរប្រមាណជាង ២០,០០០ នាក់ បានទៅលេងកម្សាន្តនៅទូទាំងខេត្តកំពត។ នេះបើតាមលោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីរបានឱ្យដឹងយ៉ាងដូច្នេះថា «ចំនួនទេសចរដែលបានមកលេងខេត្តកំពត ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២១ សរុប ២១,០៦៧ នាក់ ក្នុងនោះទេសចរជាតិមានចំនួន ២០,៩៤៧ នាក់ និងទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១២០ នាក់»

លោកបានបន្តថា សប្តាហ៍នោះដែរ ភ្ញៀវទេសចរមានការកើនឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ពិសេសថ្ងៃចុងសប្តាហ៍ បើធៀបនឹងសប្តាហ៍មុនកើនឡើង ១៦៤%។ ភ្ញៀវទេសចរភាគច្រើនមានការយល់ដឹងអំពីការអនុវត្តវិធានការ «៣-កុំ ៣-ការពារ» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកប្រធាន សយ ស៉ីណុល បានបន្តទៀតថា ជាទូទៅ នៅតាមរមណីយដ្ឋានភ្ញៀវទេសចរមានការចូលរួមអនុវត្តវិធានសុវត្ថិភាព និងពុំមានការប្រមូលផ្តុំគ្នាច្រើន ដែលបង្កើតនូវហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នោះទេ៕