(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ដើម្បីស្វែងរកថវិកាទ្រទ្រង់ដំណើរការមន្ទីរពេទ្យ។ ពិធីបុណ្យនេះធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែសីហា ដោយប្រមូលបានថវិកាសរុប ១០៩,០៧៦ដុល្លារអាមេរិក។

មន្ទីរពេទ្យកុមារអង្គរ បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដោយចែកជា២វគ្គ ដែលវគ្គទី១ ជាកម្មវិធីសម្ដែងព្រះធម៌ទេសនាជាធម្មទាន និងជាការផ្សព្វផ្សាយដំណឹងរបស់ពិធីបុណ្យតាមប្រព័ន្ធអនឡាញ ដោយធម្មកថិកល្បីៗទាំងក្នុង និងក្រៅប្រទេស លើបណ្ដាញសង្គមហ្វេសប៊ុកមន្ទីរពេទ្យកុមារអង្គរ ចាប់ពីម៉ោង ៩ ដល់ម៉ោង១០ព្រឹក រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២១ ជាមួយប្រធានបទល្អៗ ខុសៗគ្នា។

រីឯវគ្គទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែសីហា ដោយអ្នកចូលរួមមានចំនួនកំណត់ ស្របតាមវិធានសុខាភិបាលអំឡុងពេលជំងឺកូវីដ១៩ ដែលកម្មវិធីបានធ្វើឡើងនៅបរិវេណមន្ទីរពេទ្យកុមារអង្គរ ដែលក្នុងនោះមានកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និងកម្មវិធីសម្ដែងព្រះធម្មទេសដោយធម្មកថិកចំនួន៧អង្គ ឆ្លងឆ្លើយអំពី «អរិយទ្រព្យ ៧ប្រការ» ជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថា ឆ្នាំ២០២០ កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧, ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន ៧៣,៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦,៧៤៧នាក់ គឺដោយសារតែមានការជួយជ្រោមជ្រែងពីសប្បុរសជនមកពីគ្រប់ទិសទី៕