(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃរដ្ឋសភា បានសម្រេចជាផ្លូវការ ក្នុងការបញ្ចូលរបៀបវារៈ បោះឆ្នោតគាំទ្ររុះរើគណៈរដ្ឋមន្រ្តី ទៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលធ្វើឡើង ជាលើកដំបូងសម្រាប់លើកទី៦ នីតិកាល៥ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានធ្វើសន្និសីទកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា នៅថ្ងៃនោះ រដ្ឋសភា នឹងពិភាក្សានិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសំណើរុះរើគណៈរដ្ឋមន្រ្តី សម្រាប់សមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២៦រូប។

សូមបញ្ជាក់ថា ក្រៅពីរបៀបវារៈ «បោះឆ្នោតគាំទ្រលើការរុះរើគណៈរដ្ឋមន្រ្តី» កិច្ចប្រជុំរដ្ឋសភាពេញអង្គ លើកទី៦ នីតិកាលទី៥ ក៏នឹងមានរបៀបវារៈផ្សេងទៀត ដូចជាការបោះឆ្នោតគាំទ្រ លើការជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប និងពិភាក្សាលើ សម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្មផងដែរ។

សូមជំរាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការពីការស្នើរុះរើគណៈរដ្ឋមន្រ្តី ពាក់កណ្តាលអាណត្តិនេះ ក្នុងនោះមាន ឧបនាយករដ្ឋមន្រ្តី២រូប និងរដ្ឋមន្រ្តី១រូប ត្រូវបានបញ្ចប់តំណែង ហើយក៏មានការផ្លាស់ប្តូររដ្ឋមន្រ្តីនៅក្រសួងចំនួន៧ រួមទាំងតែងតាំងរដ្ឋលេខាធិការនៅក្រសួងមួយចំនួនទៀតផងដែរ៕