(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីមួយ នៅថ្ងៃទី៣០ ខែមីនានេះ ដោយព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំ ហើយនៅឆ្នាំ២០១៦នេះ នឹងរក្សាកំណើនចំនួន៧%ដូចនឹងឆ្នាំ២០១៥ ហើយកើនឡើងបន្តិចថែមទៀត នៅឆ្នាំ២០១៧ខាងមុខនេះ។

លោក Samiuela Tukuafu ប្រធានធនាគារប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា «ដោយមានកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ការធ្វើពិពិធកម្ម ក្នុងវិស័យឧស្សាហកម្មធុនស្រាល និងកាត់ដេរ និងទិសដៅនាំចេញកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នៅតែរឹងមាំក្នុងរយៈពេល២ឆ្នាំទៅមុខ។ ដើម្បីរក្សានិរន្តរភាព នៃកំណើននេះប្រទេសកម្ពុជាចាំបាច់ត្រូវបន្ត ធ្វើពិពិធកម្មសេដ្ឋកិច្ចនិងពង្រីកឱកាសការងារបន្ថែមទៀត តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ»។

ធនាគារ ADB បានព្យាករណ៍ថា វិស័យឧស្សាហកម្មនៅកម្ពុជា នៅឆ្នាំ២០១៦នេះនឹងកើនឡើង៩.៥% ដោយមានការគាំទ្រ ពីការបន្តធ្វើពិពិធកម្មផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ជាងដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ ចំពោះវិស័យសេវាកម្ម រំពឹងថានឹងកើនឡើង ៧.៨% វិស័យកសិកម្មនឹងកើនឡើង១.៦% ដោយសារការសន្មត់អាកាសធាតុ មានភាពអំណោយផលវិញ។ ចំណែកឯកវិស័យសំណង់រំពឹងថា និងថមថយចុះមកវិញ បើធៀបនឹងកំណើនខ្ពស់នៅប្រមាណឆ្នាំ ចុងក្រោយនេះ។

របាយការណ៍របស់ធនាគារ ADB បានលើកឡើងទៀតថា ឱនភាពសារពើពន្ធដោយមិនរាប់បញ្ចូលនិងជំនួយឥតសំណងត្រូវបាន ប៉ាន់ស្មានថា នឹងកើនឡើងដល់៤.៣% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦។ ឱនភាពគណនីចរន្ត ត្រូវបានព្យាករណ៍ថា  មិនមានការប្រែប្រួលគួរឲ្យកត់សំគាល់ទេ នៅឆ្នាំ២០១៦ ប៉ុន្តែនិងធ្លាក់ចុះក្នុងឆ្នាំ២០១៧ ដោយសារតែឱកាសនាំចេញមានលក្ខណៈ ប្រសើជាងមុន។ អតិផរណា ឆ្នាំមុនមានការថមថយមកនៅអត្រាទាបបំផុត ចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្តែបន្តកើនឡើងតិចតួចវិញ នៅចុងឆ្នាំមុននេះ។ ការថមថយនៅថ្លៃស្បៀងអាហារ និងឥន្ទនៈសកល ត្រូវបានរំពឹងថា និងនាំឲ្យអតិផរណាធ្លាក់ចុះ២.៥% នៅឆ្នាំ២០១៦ មុននឹងកើនឡើងដល់៣% នៅឆ្នាំ២០១៧​៕​