(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន, លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានចុះជួបសួរសុខទុក្ខដល់ជនពិការចំនួន ១៥គ្រួសារដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយនៃវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និងឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ពួកគាត់។

នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋដែលជួបលំបាក នាពេលនេះ។

លោកស្រីបានបន្តថា សម្ដេចប្រធានតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ៕