(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានអន្តរាគមន៍ជួយសម្របសម្រួលបញ្ជូនពលករ ពលការិនី និងកុមារសរុបចំនួន ០៩រូប មកកម្ពុជាវិញ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបន្តថា ក្នុងចំណោមមនុស្សទាំង ៩នាក់នោះ មាន ៨នាក់ នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច។ ពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍ សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច។

ស្ថានទូត បានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន ផ្តល់ជំនួយជាកញ្ចប់ ស្បៀង អាហារដល់ពលករ ពលការិនីដែលខ្វះខាត និងប្រាក់ឧបត្ថមមួយចំនួន ក្នុងអំឡុងពេលរង់ចាំត្រឡប់ ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ ពលការិនី និងកុមារខាងលើទៅអាកាសយានដ្ឋាន KLIA ផងដែរ៕