(ភ្នំពេញ)៖ លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ បានជុំរុញឱ្យអស់លោក-លោកស្រីចៅសង្កាត់ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលខនខានមិនបានទទួលវ៉ាក់សាំងទាំងចាស់ និងក្មេង (អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ) ឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដែលស្ថិតក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការជុំរុញយ៉ាងដូច្នេះរបស់លោក ឯក ឃុនឌឿន បានធ្វើឡើងក្នុងពេលលោក និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ និងឧបត្ថម្ភអាកុល ម៉ាស និងទឹកបរិសុទ្ធ រួមនិងថវិកាដល់អាជ្ញាធរសង្កាត់ និងទីតាំងចាក់វ៉ាក់សាំង ចំនួន២កន្លែង (មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩) សង្កាត់ច្រាំងចំរេះទី១ (មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ) សង្កាត់គីឡូម៉ែត្រលេខ៦ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោក ឯក ឃុន ឌឿន ក៏បានជុំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធស្វះស្វែងរកមនុស្សវ័យចំណាស់ (អាយុ១០០ឆ្នាំ ឬ១០០ឆ្នាំឡើង) ដែលអាចចាក់វ៉ាក់សាំងបាន សូមឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងអាចទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យ (ទ័ពអាស) ដែលបានចូលរួមចំណែកយ៉ាងសកម្ម ប្រឈមនិងបញ្ហាជាច្រើនក្នុងការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងបង-ប្អូនក្រុមយុវជន ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩៕