(សៀមរាប)៖ ផ្លែមៀន ៥តោន ដែលជាអំណោយដ៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស នាំទៅប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តមួយចំនួន បានចេញទទួលផ្លែមៀននេះ។

លោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតពីផលលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសក្នុងពេលជួបនូវវិបត្តិកូវិដ១៩ ព្រមទាំងការកកស្ទះនូវផលកសិកម្មរបស់ប្រជាកសិករ។

លោកបន្ថែមថា សម្តេច បានប្រមូលទិញមៀន ពីប្រជាកសិករដែលដាំបាននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្រាលបន្ទុកការលំបាក របស់ប្រជាកសិករក្នុងបរិបទដែលទទួលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាល នៃមេរោគ កូវីដ-១៩ ជាសកល និង ផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ និងប្រជាពលរដ្ឋមានជំងឺ ព្រមទាំងបងប្អូនមន្ត្រីរាជការបានពិសារផងដែរ។

តំណាងអភិបាលខេត្ត និងមន្ត្រីរាជការខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែតែងយកចិត្តទុកដាក់ដោះស្រាយនូវរាល់ផលលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាក់ស្តែងថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនដល់បណ្តាក្រុង ស្រុក និង មន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរចំពោះផលិតផលកសិកម្មដែលប្រជាកសិករផលិតបាន ជាវិធីដោះស្រាយជួយទៅដល់កសិករក្រីក្រក្នុងកាលៈទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា អំណោយផ្លែមៀននេះ នឹងធ្វើការបែងចែងជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១២ និងមន្ត្រីរាជការ ក្រុមការងារជួរមុខ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ ទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តសៀមរាបផងដែរ៕