(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបន្តនាំយកទេយ្យទានប្រគេនព្រះចៅធិការនៅតាមវត្តចំនួន៣ក្នុងក្រុងសៀមរាប ក្នុងពេលវត្តនីមួយៗជួបការខ្វះខាតចង្ហាន់ក្នុងកំលុងពេលនៃការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយប្រជាពុទ្ធបរិស័ទមិនអាចទៅវត្តបានដូចពេលមុននោះ។

វត្តដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកទេយ្យទៅប្រគេននៅថ្ងៃទី២៧ ខែសីហា រួមមាន៖ វត្តគង់ម៉ុច វត្តដំណាក់ និងវត្តប្រាសាទត្រាំនាគ។

ក្នុងឱកាសនោះ លោក ប៊ុន ថាឫទ្ធិ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោក បានលើកឡើងថា ថ្នាក់ដឹកនាំតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូប ទាំងខាងផ្នែកអាណាចក្រ និងពុទ្ធចក្រ ជាពិសេសព្រះសង្ឃគ្រប់អង្គ ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស។

ទេយ្យទានដែលបាននាំទៅប្រគេនដល់ព្រះចៅធិការ នៅតាមវត្តចំនួន៣ ក្នុងក្រុងសៀមរាប រួមមាន៖ ទៀនវស្សា ១គូ, អង្ករ ១៥០គីឡូក្រាម, មី ១០កេស, ត្រីខ ១០យួរ, ត្រីងៀត ៣គីឡូក្រាម, សាច់ក្រក ៣គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកបរិសុទ្ធ ១០យួរ, ប្រេងឆា ៥លីត្រ, ម្សៅស៊ុបខ្ន ៣គីឡូក្រាម, មីសួ ៣គីឡូក្រាម, -ស្ករស ៣គីឡូក្រាម, អំបិល ២គីឡូក្រាម, តែ ១គីឡូក្រាម, នំធុង ១ធុង, ម៉ាស់ ៣ប្រអប់, អាល់កុល ៤ដប, ចង្ហាន់ ១ស្រាក់ និងបច្ច័យ ៨សែនរៀល។

លោក ប៊ុន ថាឫទ្ធិ ក៏អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខេត្តសៀមរាប ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល៕