(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៨២នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ បានស្លាប់ និងជាសះស្បើយ ២២៨នាក់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើ, ករណីទី៦ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៨ ដល់ទី៣៣ គឺជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។

ករណីទី៣៤ ដល់ទី៣៥ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី៣៦ ដល់ទី៤០ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ដោយឡែកករណីទី៤១ ដល់ទី៨២ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជាសះស្បើយទាំង ២២៨នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ដោយឡែកអ្នកជំងឺ ២នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែមេរោគកូវីដ១៩នេះ រួមមាន៖
១៖ ឈ្មោះ ឆាង សាន ភេទប្រុស អាយុ៥៣ឆ្នាំ អាសយដ្ឋានភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។ បុរសរូបនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០៖០០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២៖ ឈ្មោះ លួស លាប ភេទប្រុស អាយុ៦៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក។ បុរសរូបនេះ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧,៦៤០នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦,៨៥៧នាក់ ស្លាប់ ៨១នាក់ និង ៧០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕