(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកស្រី នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចាត់តំណាងប្រគល់ថ្នាំពេទ្យចំនួន៩កេស ម៉ាស៣កេស ដែលលាងដៃ៦០ដប អាល់កុល៦០លីត្រ និងមី២កេសធំ ដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកកោះកុង ដែលជាការរួមចំណែកជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ក្នុងការការពារ និងថែទាំសុខុមាលភាពរបស់ប្រជាជនកម្ពុជា នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

នៅក្នុងពិធីប្រគល់ថ្នាំ និងបរិក្ខារពេទ្យខាងលើលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា បន្ទាប់ពីទទួលបានសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក លោកស្រីប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានចូលរួមគាំទ្រជាថវិកា ស្បៀង ដើម្បីរួមចំណែកក្នុងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងទីកន្លែងព្យាបាលកម្រិតស្រាល ជូនដល់ប្រជាពលរដ្ឋ ពិសេសពលករវិលត្រឡប់ពីប្រទេសថៃ ដែលងាយរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ពិសេសវីរុសប្រភេទថ្មី Delta។

ជាមួយគ្នានេះ សប្បុរសជនមួយចំនួនក៏បានជួយជាថវិកា ស្បៀង ថ្នាំ និងបរិក្ខារពេទ្យតាមរយៈខុទ្ទកាល័យសម្តេចពិជ័យសេនាផងដែរ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់បន្ថែមថា អំណោយដែលផ្តល់ជូននាថ្ងៃនេះ គឺជាអំណោយលើកទី២ បន្ទាប់ពីអំណោយលើកទី១ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី បានប្រគល់ជូនខេត្តនៅសប្តាហ៍មុន រួមមាន៖ ថវិកា៥០លានរៀល អង្ករ១០តោន មី២០០កេស និងម៉ាស់១០,០០០ម៉ាស់ផងដែរ។

លោក សំយិត វៀន អភិបាលរងខេត្ត និងលោក ជា សូវី អភិបាលស្រុក ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅស្រុកកោះកុង និងខេត្តកោះកុង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ដែលមានទឹកចិត្តប្រកបដោយសប្បុរសធម៌ និងមនសិការស្នេហាជាតិ ក្នុងការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋនៅខេត្តកោះកុង និងសូមគោរពជូនពរសម្តេចពិជ័យសេនា និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេសប្រជាជននៅខេត្តកោះកុង ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ៕