(ភ្នំពេញ)៖ សៀវភៅថ្មីដែលមានចំណងជើងថា «រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩» មានកម្រាស់ជិត ៩០០ទំព័រ ត្រូវបានអ្នកសារព័ត៌មានជើងចាស់មួយរូបចេញផ្សាយនៅចុងសប្តាហ៍នេះ។

លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាម្ចាស់វណ្ណកម្មសៀវភៅថ្មីមួយក្បាលនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សៀវភៅនេះជាកំណត់ត្រាប្រវត្តិសាស្រ្តមនុស្សជាតិ និងដ៏កម្រមួយ ដែលអាចមានសារប្រយោជន៍សម្រាប់អនុជន។

លោកសាស្រ្តាចារ្យបានបញ្ជាក់ថា កំណត់ត្រានេះបានចារទុកពីសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសការខិតខំប្រឹងប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ច្រកល្ហក យកមកចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់នៅទូទាំងប្រទេស រួមទាំងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាផងដោយឥតគិតថ្លៃ។

លោកបានបន្តថា «ប្រសិនបើគ្មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់បានទាន់ពេលវេលា ហើយបើសម្តេចតេជោ មិនមានយុទ្ធសាស្រ្តត្រៀមប្រយុទ្ធ ដើម្បីទប់ទល់នឹងជំងឺនេះទុកជាមុនទេ នោះអន្តរាយដ៏ធំអាចកើតមានសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា»

លោក ឆាយ សុផល បានចាត់ទុកកិច្ចប្រឹងប្រែងទាំងនេះ ប្រៀបបាននឹងសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ។

បើតាមការអះអាងរបស់លោក ឆាយ សុផល ដោយសារតែរឿងរ៉ាវចេះតែបន្ត លោកក៏បានសម្រេចចេញភាគ១សិន ដែលផ្តោតលើព្រឹត្តិការណ៍ចាប់ពីចុងខែឆ្នូ ឆ្នាំ២០១៩ មកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។

លោកបន្ត សៀវភៅភាគ២ ដែលបន្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ទៅ បាននិងកំពុងដំណើរហើយ ហើយគិតមកដល់ចុងខែសីហានេះគឺបានជាង១០០ទំព័ររួចទៅហើយ។

សូមបញ្ជាក់ថា នៅលើទំព័រអារម្ភកថានៃសៀវភៅ អ្នកនិពន្ធ ឆាយ សុផល បានសរសេរថា «នៅក្នុងកំណត់ត្រានេះ ខ្ញុំបានឆ្លៀតពេលពីការងារស្នូល ដើម្បីតាមដាន អាន ប្រមូល និងសន្សំឯកសារជារៀងរាល់ថ្ងៃ ដែលក្នុងនោះមានសម្រង់សម្ដី សុន្ទរកថា សុន្ទរកថាគន្លឹះ សេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីអំពាវនាវ សេចក្តីថ្លែងការណ៍ សេចក្តីថ្លែងការណ៍ពិសេស ប្រកាស សេចក្តីប្រកាស សេចក្តីប្រកាសព័ត៌មាន សេចក្តីជូនព័ត៌មាន លិខិតជូនដំណឹង លិខិតគោរពជូន លិខិតជម្រាបជូន លិខិតជម្រាបមក សារទាំងជាអក្សរនិងជាសំឡេង សារលិខិត លិខិតស្រាយបំភ្លឺ សារាចរណែនាំ វិធានការ របាយការណ៍ ច្បាប់ អនុក្រឹត្យ គោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) និង អត្ថបទព័ត៌មានជាដើម…..ដើម្បីចងជាបណ្តុំ ផ្សំផ្គុំជាឯកសារជំនួយស្មារតី សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ចាស់ថ្មីទាក់ទិននឹងជំងឺកូវីដ-១៩នៅកម្ពុជា»

លោក សុផល និយាយបែបកំប្លែងថា «តាមពិត ទម្រាំបានសៀវភៅមួយច្បាប់ៗ គឺហត់ណាស់ ពេលខ្លះស្រ្តេស ហើយយប់ខ្លះ ខួរក្បាលអៀរឺ (ច្របូកច្របល់) ដេកអត់លក់ខុសពីអ្នកលក់អត់ដេក (អ្នកលក់ដូរពេលយប់)។ បើគ្មានការព្យាយាម និងមិនអត់ធ្មត់ទេ នោះអំបិលជាគ្នា។ កាន់តែលំបាក និងការប្រយ័ត្នប្រយែងបំផុតគឺការសរសេរ និងការចងក្រងសៀវភៅ ឯកសារ ក៏ដូចជាកំណត់ត្រាបែបប្រវត្តិសាស្រ្ត ដែលផ្ទុយស្រឡះពីសំណេរបែបអក្សរសិល្ប៍ មានដូចជាប្រលោមលោក កំណាព្យ និងចម្រៀងជាដើម ព្រោះបែបប្រវត្តិសាស្រ្តទាមទារបង្ហាញគន្ថនិទ្ទេស ឈ្មោះ និងកាលបរិច្ឆេទ ព្រឹត្តិការណ៍ឱ្យបានច្បាស់លាស់ ពោលគឺត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។ នេះមិនទាន់គិតពីការប្រើប្រាស់ពាក្យ ប្រយោគ ឃ្លាឃ្លោង និងអក្ខរាវិរុទ្ធផង រួមទាំងរចនាទំព័រផង»

អ្នកនិពន្ធសៀវភៅរូបនេះបន្តថា «ខ្ញុំខ្លាចគេឯងពិបាករកឯកសារនៅថ្ងៃក្រោយ។ ហេតុនេះ ខ្ញុំចេះតែអង្គុយសំកុកតាមដានព្រឹត្តិការណ៍ សន្សំឯកសារ ចារជាកម្រងចងទុកក្នុងសៀវភៅមួយទៅ ហើយថ្ងៃក្រោយ បើមាននរណាចង់រម្លឹក និងចង់ដឹងពីហេតុការណ៍នានា ដែលកើតមាននៅក្នុងកាលៈទេសៈនៃការរាតត្បាតមេរោគកូវីដ-១៩ នោះគេនឹងនឹកឃើញ និងដឹងថា តើប្រជាជន និងប្រទេសជាតិ ក៏ដូចជាពិភពលោកដែរបានពើបប្រទះក្តីលំបាកបែបណា ហើយថ្នាក់ដឹកនាំប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យក្មេងចាស់ប្រុសស្រីប្រឹងប្រែងរបៀបម៉េចនៅចំពោះមុខកលិយុគដ៏ធំនេះ។ ជាងនេះទៅទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ខណៈដៃម្ខាងប្រឹងថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស ហើយដៃម្ខាងទៀតទប់ទល់នឹងជំងឺកូវីដ-១៩ ដើម្បីសង្រ្គោះជីវិតពលរដ្ឋ ក៏មានក្រុមបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ប្រតិដ្ឋរឿងមិនពិតក្នុងចេតនាស្មោកគ្រោក បង្កភាពចលាចល និងភ័យខ្លាចដល់មហាជន»

លោក ឆាយ សុផល បានថ្លៃងអំណរគុណលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានរួមគ្នាជួយឱ្យសៀវភៅនេះមានជារូបរាងឡើង ។ លោកថា សៀវភៅនេះនឹងចែកជូនទៅបណ្ណាល័យជាតិ និងបណ្ណាល័យសាកលវិទ្យាល័យនានានៅទូទាំងប្រទេស ហើយក៏មានដាក់នៅតាមបណ្ណាគារខ្លះដែរ។

លោក សុផល ក៏បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវវ័យ និងយុវជនត្រូវឆ្លៀតពេលអានសៀវភៅឱ្យបានច្រើន។ ដំបូង អានសៀវភៅដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ហើយបន្ទាប់មក អានសៀវភៅផ្សេងៗ ដែលខ្លួនគិតថាពេញចិត្ត ព្រោះជាជម្រើស។ អានច្រើនកើនពុទ្ធិ គំនិតកាន់តែទូលាយ ការវិភាគកាន់តែស៊ីជម្រៅ ហើយការសម្រេចចិត្តបានកាន់តែត្រឹមត្រូវ ហើយសូមកុំវាយតម្លៃសៀវភៅ តែលើក្របមុខក្រោយ។ ទន្ទឹមនឹងនោះ សូមឪពុកម្តាយ និងអាណាព្យាបាលគួររៀបចំបណ្ណាល័យតូចមួយនៅផ្ទះសម្រាប់គ្រួសារ ហើយឧស្សាហ៍ទិញសៀវភៅឱ្យកូនអាន ជាជាងទិញគ្រៀងស្រវឹងផឹកខ្លួនឯងឥតអសារ។

លោក ឆាយ សុផល បានបន្ថែមថា លោកមិនឃាត់រឿងផឹកទេ នោះជាសិទ្ធិ តែកុំភ្លេចទិញសៀវភៅអានឱ្យកូន និងជំរុញកូនៗ ឱ្យប្រឹងរៀនសូត្រផង ខណៈពេលនេះ ក៏កុំភ្លេច «៣កុំ ៣ការពារ»៕