(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា បានផ្តល់ជំនួយជិត ៨លានដុល្លារអាមេរិក ដេីម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីមួយ នៅកម្ពុជា ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

ដំណឹងដ៏សំខាន់នេះ ត្រូវបានបង្ហាញឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការរៀបចំនូវកម្មវិធីតាមអនឡាញ លើប្រធានបទ «គោលនយោបាយរបស់រដ្ឋាភិបាលសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា» ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា បានឲ្យដឹងថា ជំនួយជិត ៨លានដុល្លារនេះ គឺបូកទាំងចំណាយទៅលើការសាងសង់អគារ បំពាក់សម្ភារបរិក្ខារ និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងបជ្ឈមណ្ឌល។ លោកបន្តថា អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងត្រូវសាងសង់រួច នៅឆ្នាំ២០២៣។

សូមជម្រាបថា អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយស្ថិតក្នុង «គម្រោងបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្ម រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» ដែលមានគោលដៅសម្រេចឲ្យបាននូវការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការបង្កើតប្រព័ន្ធអេកូ សម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។

បើតាមលោកបណ្ឌិត ស្រ៊ុន សូវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានេះ មិនមែនសម្រាប់តែនិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ គឺសម្រាប់មនុស្សគ្រប់គ្នាទូទៅតែម្តង។ អគារនេះ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១៕