(ភ្នំពេញ)៖ វិបត្តិភ្លើងសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កំពុងអង្រួនមនុស្សជាតិលើពិភពលោកឱ្យចាប់អារម្មណ៍ និងកើតក្តីសង្វេគជាពន់ពេកចំពោះក្តីវេទនារបស់ប្រជាជាតិនៅតំបន់អាស៊ីកណ្តាលមួយនេះ។

ក្នុងនោះជនជាតិឥណ្ឌាលោក Vikas Agarwal ដែលជាប្រធានក្រុមហ៊ុន SSA Finserv បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើព្រឹត្តិការណ៍នៅប្រទេសអាហ្វហ្កានីស្ថានផងដែរ។ លោក Vikas Agarwal បានលើកឡើងថា ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាននេះ បានផ្តល់មេរៀនសំខាន់ចំនួន៣រួមមាន៖

១៖ ផ្ទះក្នុងក្តីស្រមៃ រថយន្តក្នុងក្តីស្រមៃ ជីវិតក្នុងក្តីស្រមៃ លុយក្នុងធនាគារ និងជំនួញទាំងអស់របស់អ្នក នឹងប្រែក្លាយទៅជាធូលី ប្រសិនបើប្រទេសជាតិរបស់អ្នកដួលរលំ។

២៖ ទ្រព្យសម្បត្តិទាំងរបស់អ្នក នឹងគ្មានតម្លៃអ្វីទៀតឡើយ ប្រសិនបើប្រទេសជាតិរបស់អ្នកគ្មានទ្រព្យសកម្ម។

៣៖ អ្នកអាចក្លាយជាជនភៀសខ្លួនគ្រប់នាទី ប្រសិនបើមេដឹកនាំរបស់អ្នក បោះបង់ចោលអ្នក ហើយរត់គេចចេញទៅឆ្ងាយ។

បើតាមលោក Vikas Agarwal ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន បានផ្តល់ការអប់រំដែរថា រួមគ្នាកសាងប្រទេសរបស់អ្នកដោយការជ្រើសរើសមេដឹកនាំដែលទទួលខុសត្រូវ ជាជាងជ្រើសរើសមេដឹកនាំ ឃើញមុខភ្លឹបភ្លែតតាមរដូវកាលជាមួយការសន្យាផ្តល់អំណោយបន្តិចបន្តួច តែគ្មានការទទួលខុសត្រូវ ហើយចាកចោលអ្នក។

លោក Vikas Agarwal បានលើកឡើងទៀតថា ចូរចងចាំថា ប្រទេសរបស់អ្នក គឺជាគ្រួសាររបស់អ្នក ហើយអ្នកត្រូវការឪពុកម្នាក់ ដែលបង្រៀនអ្នកឱ្យរីកចម្រើនធំធាត់ និងវាយអ្នកឱ្យទៅសាលារៀន...។ កុំជ្រើសឱ្យសោះនូវមេដឹកនាំណា ដែលចុះមករកអ្នកពេលរកសន្លឹកឆ្នោត។

សំណេររបស់លោក Vikas Agarwal បានអង្រួនប្រជាពលរដ្ឋខ្មែរឱ្យចាប់អារម្មណ៍ខ្ពស់ផងដែរ។ សំណេរនេះ ត្រូវបានគេចាត់ទុកជាគតិលោកដាស់ស្មារតីប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរកុំឱ្យបរទេសនិយម ឬទុកចិត្តលើអ្នកនយោបាយគ្មានទំនួលខុសត្រូវ ជើងមិនជាប់ដី ដែលអាចនាំឱ្យប្រទេសត្រូវវិនាសដូចករណីប្រទេសអាហ្វហ្កានីស្ថាន៕