(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេសកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំនូវកម្មវិធីតាមអនឡាញ លើប្រធានបទ «គោលនយោបាយរបស់រដ្ឋាភិបាលសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា»។

ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចំានៅប្រទេសកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគម្រោងបង្កើតប្រព័ន្ធជំរុញអាជីវកម្ម រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា ដែលមានគោលបំណងជួយប្រទេសកម្ពុជា ប្រើប្រាស់គំរូនៃការបង្កើតអាជីវកម្ម និងបណ្តាញទីផ្សារ ដើម្បីគាំទ្រដល់ភាពសម្បូរបែបនៃវិស័យឧស្សាហកម្ម ក៏ដូចជាជាគម្លាតរវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារ។ លើសពីនេះ វាក៏ស្វែងរកការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសហគ្រិនវ័យក្មេងកម្ពុជា ក្នុងយុគសម័យឌីជីថល។

លោកបន្តថា ព្រឹត្តិការណ៍ដូចគ្នានេះ នឹងត្រូវបានរៀបចំបន្ទាប់ទៀត នៅថ្ងៃទី៣, ទី១០, និងទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដែលពាក់ព័ន្ធនឹង ស្ថាប័នមួយចំនួនជួយជំរុញ ធុរកិច្ចថ្មី និងស្ថាបនិកមួយចំនួននៃធុរកិច្ចថ្មីនៅកម្ពុជា។

សូមជម្រាបថា កម្មវិធីតាមអនឡាញ លើប្រធានបទ «គោលនយោបាយរបស់រដ្ឋាភិបាលសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា» មានការចូលរួមធ្វើបទបង្ហាញពី តំណាងក្រសួងចំនួន៤ ផ្សេងគ្នា រួមមាន៖

* បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
* បណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
* បណ្ឌិត សំ សិទ្ធិសេរី ទទួលបន្ទុកការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕