(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស របស់រដ្ឋសភា បានអះអាងប្រាប់ Fresh News ឱ្យដឹងនៅព្រលប់ថ្ងៃនេះថា រដ្ឋសភាអាចនឹងបង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បីស៊ើបអង្កេតលើករណី លោក កឹម សុខា។

លោក ឈាង វុន បានថ្លែងថា «ក្នុងផ្លូវច្បាប់ យើងអត់មានដកអភ័យឯកសិទ្ធិគាត់ (កឹម សុខា) ទេ ក៏ប៉ុន្តែគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា អាចបង្កើតគណៈកម្មការពិសេស ដើម្បីធ្វើការស៊ើប​អង្កេតលើករណីនេះ អាហ្នឹងច្បាប់មានចែង»

លោក ឈាង វុន បានបញ្ជាក់ថា រដ្ឋសភាអាចនឹងធ្វើលិខិតម្តងទៀត ដើម្បីឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺ ហើយបើនៅតែមិនឆ្លើយទៀត ចុងក្រោយគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា នឹងបង្កើតគណៈ​កម្មការពិសេស ក្រោមសំឡេង៥០បូក១ ដែលគណៈកម្មការពិសេសនោះមានអំណាចខ្លាំង ក្នុងការអនុវត្តច្បាប់ និងក្រមសិលធម៌ សម្រាប់តំណាងរាស្រ្ត។

លោកថា «គណៈកម្មការនេះ នឹងបើកការស៊ើបអង្កេត ហើយបើស៊ើបអង្កេតឃើញគាត់, លោក កឹម សុខា អាចទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបើសិនជាបែបនោះមែន ករណីលោក កឹម សុខា នឹងក្លាយជាអ្នកតំណាងរាស្រ្តរឿងអាស្រូវទី១ ក្នុងប្រវត្តិសាស្រ្តរដ្ឋសភាកម្ពុជា»

លោក ឈាង វុន បាននិយាយថា គណៈកម្មការពិសេសនេះ អាចអញ្ជើញ លោក កឹម សុខា ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ហើយក្រៅពីនោះ ក៏មានសិទ្ធិក្នុងការកោះហៅអ្នកពាក់ព័ន្ធ ដូចជា ហៅស្រីមុំ ឬថៅកែហាងកាត់សក់ ក៏ដូចមនុស្សចំនួនទៀតដើម្បីចូលបំភ្លឺ។ លោកថា «គាត់ត្រូវតែចូលមកក្នុងសភា បើគាត់មិនឆ្លើយគឺចប់ហើយនយោបាយរបស់គាត់ គាត់ត្រូវតែការពារខ្លួនរបស់គាត់​ពេលនោះ»

សូមបញ្ជាក់ថា តាំងពីចុងខែកុម្ភៈ រហូតដល់ពេលនេះសំឡេងខ្សែអាត់សាសងស្នេហា ហើយជួនកាលឈានដល់ការនិយាយរឿងលើគ្រែ ដែលគេសង្ស័យថាធ្វើឡើងដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីវ័យក្មេងមួយចំនួន ក្នុងនោះក៏គេសង្ស័យលើនារីម្នាក់ ឈ្មោះ ខុម ចាន់ដារ៉ាទី ដែរនោះ បានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។

រហូតដល់ពេលនេះ លោក កឹម សុខា មិនទាន់បកស្រាយជុំវិញករណីនេះ នៅឡើយទេ ដោយលោកប្រកាសប្រើយុទ្ធសាស្រ្ត មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង។ ខណៈកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានបដិសេធថាមិនមែនជាសំឡេងរបស់នាង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នាថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើកោសលវិច្ច័យលើសំឡេងនោះ ហើយអះអាងថា ក្នុងសំឡេងខ្សែអាត់ជាច្រើន គឺជាសំឡេងពិត របស់ លោក កឹម សុខា និងកញ្ញា ស្រីមុំ៕