(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់កិត្តិយស​នៃពាន​រង្វាន់នេះ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមអរគុណ អស់លោក លោកស្រី ដែលបានមកចូលរួមក្នុងកម្មវិធីដែលខ្ញុំទទួលបានពានរង្វាន់នេះ ហើយខ្ញុំសូមឧទ្ទិសកិត្តិយសនេះ ជូនសហការី​ទាំងអស់ របស់ខ្ញុំ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់របស់ខ្ញុំ ជូនចំពោះភរិយាខ្ញុំ ជូនចំពោះកូនៗខ្ញុំ ជូនចំពោះចៅៗខ្ញុំ និងជូនចំពោះប្រជាជនកម្ពុជាទាំងអស់»

សម្តេចបានបន្ថែមថា «បើគ្មានការគាំទ្រពីកម្ពុជា គ្មានការគាំទ្រពីថ្នាក់ដឹកនាំ គ្មានការគាំទ្រពីសហការី គ្មានការគាំទ្រពីភរិយា គ្មានការគាំទ្រពីកូន ពីចៅ ខ្ញុំមិនអាចសម្រេចជោគជ័យបាន រហូតមកដល់ថ្ងៃនេះ»។  

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការទទួលយកពានរង្វាន់នេះថា មកពីសម្តេចចង់ឱ្យមានសម្ព័ន្ធភាពល្អរវាងសារព័ត៌មាននៅក្នុងតំបន់ ហើយថាសារព័ត៌មានក្នុងតំបន់បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមរក្សាសន្តិភាព។

សូមជំរាបថា ក្រៅពីការផ្តល់ពានរង្វាន់នេះ ជូនសម្តេចតេជោ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏ផ្តល់ពានរង្វាន់នេះជូនដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកមិញផងដែរ។ ឥស្សរ​ជន​ជាន់ខ្ពស់៣រូបទៀតដូចជា លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ ក៏នឹងទទួលបានពានរង្វាន់នេះដែរ នៅព្រឹកស្អែក៕