(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រហូតដល់ពេលនេះ លោក ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្រ្តីថៃ និងពលរដ្ឋថៃមិនតិចនោះទេ បាន Like Facebook របស់សម្តេច បន្ថែមលើពលរដ្ឋបរទេសមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «នៅប្រទេសថៃ Like ឱ្យខ្ញុំមិនតិចទេ ឥឡូវនេះតើ Facebook នេះ មានបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឬអត់ គឺអត់មានផង ដូច្នេះបងប្អូនខាងថៃ សូម្បីតែ ប្រាយុទ្ធ ចាន់អ៊ូចា ក៏Like ឱ្យខ្ញុំដែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធសារព័ត៌មានអាស៊ាន (UMA) នៅវិមានសន្តិភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។

ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទំព័រ Facebook អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានវាយទម្លាក់ចំណាត់ថ្នាក់របស់ Facebook លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។ រហូតដល់ពេលនេះ Facebook របស់សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង៣,៥លាន Likes ហើយ។

ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា «គ្រាន់តែ Facebook របស់ខ្ញុំ Like បានច្រើនជាងគេ គេថាខ្ញុំទិញ Like ! វាទៅជាតែផ្តាស់ អញ្ចឹងទៅណា ពីមុនខ្ញុំអត់ចេះលេង Facebook ទេ ឥឡូវ Facebook របស់ខ្ញុំមាន Like ជាង ៣.៥ លើសអ្នកដែលលេងមុនខ្ញុំ២ឆ្នាំ ជាង១លានLike ទៅហើយ»