(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមក្នុងប្រព័ន្ធបែបឌីជីថល គឺមានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព ជាពិសេសស្ត្រីមានពិការភាព។ លោក ឯម ច័ន្ទមករា បន្តសូមបន្តលើកទឹកចិត្តសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ ក្រុមជួយខ្លួនឯង បណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់គ្នាបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់ទេល្អបន្ថែមទៀត ប្រកបដោយឥរិយាបថស្ថាបនា ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដើម្បីវឌ្ឍនភាពនិងចីរភាពនៃវិស័យពិការភាព ពិសេសការបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាពលើប្រព័ន្ធឌីជីថល និងការបង្កើតការងារសមរម្យ ប្រកបដោយគុណភាព ជូនជនមានពិការភាព។

ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកាស្ដីពី «សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព និងការចែកវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលឌីជីថល ដល់សិក្ខាកាមតាមប្រព័ន្ធអនឡាញ» ដែលរៀបចំឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ដើម្បីបង្កើតគម្រោងអក្ខរកម្មឌីជីថលសម្រាប់ជនដែលមានពិការភាព។

ឆ្លើតក្នុងឱកាស ដ្ឋលេខាធិការក្រសួងសង្គមកិច្ចវ័យក្មេងរូបនេះ បានបន្ថែមឲ្យដឹងថា ក្នុងបរិការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដោយដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការផ្តល់ការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជាជិតបានសម្រេចតាមផែនការជាស្ថាពរ និងបានប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅ ចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ ក្រោម១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១នេះ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លង ចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើងមានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ដោយឡែកជនមានពិការភាពនៅស្ទើរទូទាំងប្រទេស ក៏បានទទួលការចាក់វ៉ាក់សាំង តាមរយៈការសម្របសម្រួលរបស់ក្រុមការងារសកម្មភាពជនពិការតាមបណ្តាក្រសួងស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់រាជធានីខេត្ត។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនជនមានពិការភាពក៏ទទួលបានការឧបត្ថម្ភសាច់ប្រាក់នេះផងដែរ។

លោកអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវបងប្អូនជនមានពិការភាពនៅទូទាំងប្រទេស សូមបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីឱ្យយើងអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ដើម្បីឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន ខ្ញុំមានជំនឿថាអាស្រ័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបានក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ៕