(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា សុ គម ត្រូវជាភរិយារបស់លោក ជា សុទ្ធ អតីតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

មហាឧបាសិកា សុ គម បានទទួលមរណភាពនៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១២នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

លោកស្រីកិត្តិសង្គហបណ្ឌតិ ក៏បានសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់មហាឧបាសិកា សុ គម ដែលជាស្ត្រី ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ដូចជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបបានចូលរួមចំណែកយ៉ាង សកម្មក្នុងវិស័យព្រះពុទ្ធសាសនា។

សពរបស់មហាឧបាសិកា សុ គម ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៦៩ ផ្លូវលេខ៦៣ នៅក្រោយវិមានព្រឹទ្ធសភា ហើយនឹងត្រូវដង្ហែយកទៅបញ្ចុះនៅវត្តចន្ទបុរីវង្ស នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយលោក ជា សុទ្ធ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា សុ គម បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕