(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានលើកឡើងអំពីភាពជោគជ័យនៃយុទ្ធសាស្រ្តឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ក្នុងប្រវត្តិសាស្រ្ត​៥០០ឆ្នាំ របស់ប្រទេសកម្ពុជា។

សម្តេចបានលើកឡើងថា «យើងខ្ញុំបានពន្លត់នូវសង្រ្គាមដែលអ៊ុនតាក់មិនអាចធ្វើបានក្រោយពីចំណាយទឹកប្រាក់ចំនួន២ពាន់លាន នយោបាយឈ្នះៗរបស់យើងខ្ញុំ បានបញ្ចប់នូវសង្រ្គាមនេះ នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) នៅវិមានសន្តិភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានបន្ថែមថា «សម្រាប់អ្នកប្រវត្តិសាស្រ្ត អ្នកយល់ដឹង បានទទួលស្គាល់ ទទួលយល់ហេតុផលនេះ និងការជាក់ស្តែងនេះ ប៉ុន្តែសម្រាប់អ្នកប្រឆាំងវិញ ខ្លួនខ្ញុំគ្រាន់​តែជាអ្នក​ល្មោភសង្រ្គាម ខ្លួនខ្ញុំគ្រាន់តែជាមនុស្សផ្តាច់ការម្នាក់ បំបិទសេរីភាពនៃសារព័ត៌មាន ប៉ុន្តែបញ្ហាទាំងនេះ មានតែពេលវេលាទេដែលផ្តល់នូវការវិនិច្ឆ័យ មានតែការជាក់ស្តែងទេ ដែលផ្តល់​នូវការវិនិច្ឆ័យ អ្នកដែលសន្យាមិនប្រាកដថា ធ្វើបានទេ»