(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងលោក ភុន សម្ភស្ស ពីអភិបាលស្រុកស្តីទី មកជាអភិបាលស្រុកពាមរ៍  នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាស្រុកពាមរ៍។ លោក ភុន សម្ភស្ស ដែលទើបទទួលការតែងតាំងជាអភិបាលស្រុក បានឡើងប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅ និងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត លោកនឹងគោរពយ៉ាងមឺងម៉ាត់នូវរដ្ឋធម្មនុញ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

លោកសន្យាថា នឹងយកចិត្តទុកដាក់អនុវត្តឲ្យទទួលបានជោគជ័យនូវយុទ្ធសាសាន៍ ចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា យកចិត្តទុកដាក់ក្នុងកា រថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទប់ស្កាត់ឲ្យខាងតែបាននូវបទល្មើសផ្សេងៗ ដើម្បីបង្កើននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ បន្តថែរក្សាសមិទ្ធិផលដែលមានកន្លងមក និងបន្តខិតខំអភិវឌ្ឍន៍នូវសមិទ្ធផលថ្មីៗថែមទៀតនៅទូទាំងស្រុកពាមរ៍។

លោកក៏បានសន្យាចំពោះការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំទាំងក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា ការិយាល័យជំនាញជុំវិញស្រុក និងគ្រប់ឃុំ ខិតខំបង្កើនសមត្ថភាពថែមទៀត ដើម្បីអនុវត្តនូវតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយប្រសិទ្ធភាព សំដៅឲ្យការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការមានភាពជោគជ័យ ធានាបាននូវការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិប្រកបដោយចិរភាព។

នៅក្នុងឱកាសនោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើដល់លោក ភុន សម្ភស្ស ត្រូវយកចិត្តទុកដាក់ក្នុងការបន្តការងារ រៀបចំអភិវឌ្ឍន៍ស្រុក និងតាមទីៅប្រជុំជនឲ្យ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ មានអនាម័យ សោភណ្ឌភាព ទាំងខាងក្នុង និងខាងក្រៅសាលាស្រុក តាមដងផ្លូវសាធារណៈ បន្ត បង្ការ ទប់ស្កាត់ បង្រ្កាប នូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ធានាឲ្យបានសុវត្ថិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់ឲ្យបាននូវរថយន្តផ្ទុកលើសទំងន់ ឆ្លងកាត់ស្ពានអ្នកលឿង។

លោកអភិបាលខេត្តបានប្រាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យដល់គ្រប់មូលដ្ឋាន និងត្រូវតែរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតទាបបំផុត៕