(កោះកុង)៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ហាញមុខជនសង្ស័យ៦នាក់ ក្នុងនោះមានស្រី២នាក់មុនបញ្ជូនឡើងតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។ ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាប នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះបង្ក្រាបទីតាំងខាងលើនេះ ក្រោមការដឹកនាំដោយលោក យឹម ផេង ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តកោះកុង ព្រមទាំងមន្រ្តីនៅក្រោមឱវាទជាច្រើននាក់។

លោក យឹម ផេង បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងលក់ដូរ រក្សាទុក ប្រើប្រាស់ និងផ្តល់ទីកន្លែងឲ្យប្រើប្រាស់នូវសាធាតុញៀន កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានស្រី២នាក់ និងរឹបអូសបានវត្ថុតាំងម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ (២កញ្ចប់ធំ៣កញ្ចប់តូច) និងឧប្បករណ៍១ចំនួនទៀត។ 

លោក យឹម ផេង បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៦នាក់មានឈ្មោះ ទី១-ឈ្មោះ ផន សោភ័ណដារ៉ា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២- ឈ្មោះ អ៊ូ សុភក្រ័ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣- ឈ្មោះ លឹម យ៉ាងគូ អាយុ២១ឆ្នាំ មុខបររមិនពិតប្រាកដ ទី៤-ឈ្មោះ សំ ម៉ារ៉ាដា អាយុ២០ឆ្នាំ ទី៥- ឈ្មោះ ផាន់ស្រី ល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ក្នុងខារ៉ាអូខេ និងទី៦- ឈ្មោះ ជា ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មករបោសសំអាត ក្នុងមន្ទីរកសិកម្មខេត្ត ផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន៕