(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានទាត់ចោលនូវការផ្សាយរបស់វិទ្យុអាស៉ីសេរី (RFA) ចំពោះអត្ថបទមួយដែលផ្សាយថា «ពលករខ្មែរនៅម៉ាឡេស៉ីចោទប្រកាន់មន្រ្តីស្ថានទូត កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមច្រានចោលទាំងស្រុងនូវអត្ថបទព័ត៌មានរបស់វិទ្យុអាស៉ីសេរី (RFA) ចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា “ពលករខ្មែរនៅម៉ាឡេស៉ីចោទប្រកាន់មន្រ្តីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត»។ ស្ថានទូតបានចាត់ទុកថា អត្ថបទនេះមានចរិតជាការចុះផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។

ស្ថានឯកអគ្គរាជទូត បញ្ជាក់ជូនថា ប្រជាពលរដ្ឋ និងពលករ/ពលការិនី ទោះបីមកស្នាក់នៅ និងធ្វើការដោយស្របច្បាប់ ឬគ្មានឯកសារស្នាក់នៅស្របច្បាប់ ហើយដែលមានបំណងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ អាចវិលត្រឡប់ទៅវិញបានដោយខ្លួនឯង។ ចំពោះប្រជាពលរដ្ឋ ពលករ/ពលការិនី ដែលពុំមានឯកសារស្របច្បាប់ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯង តាមរយៈកម្មវិធី Recalibration Programme របស់អន្តោប្រវេសន៍ម៉ាឡេស៉ី ដូចបានជម្រាបជូនីក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់។

ចំពោះអ្នកដែលមានលិខិតឆ្លងដែនហួសសុពលភាព ខូច ឬបាត់អាចស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្ននៅស្ថានឯកអគ្គរាជទូត «ដោយឥតគិតថ្លៃ»។ ក៏ប៉ុន្តែ ពលរដ្ឋ ពលករ/ពលការិនីមួយចំនួន នៅតែស្វែងរកការពឹងពាក់ពីភ្នាក់ងារឯកជន ឬមេខ្យល់ក្នុងការរៀបចំឯកសារ ដោយបានព្រមព្រៀងផ្តល់កម្រៃសេវា សម្រាប់ថ្លៃសំបុត្រយន្តហោះ តេស្តកូវីដ-១៩ ការផាកពិន័យរបស់អន្តោប្រវេសន៍ម៉ាឡេស៉ី ថ្លៃស្នាក់នៅបណ្តោះអាសន្ន ពេលមកកាន់អាកាសយានដ្ឋាន និងថ្លៃចំណាយផ្សេងៗ។ ប្រជាពលរដ្ឋ ពលករ/ពលការិនី តែងតែយល់ថា ការបង់ប្រាក់ទៅឱ្យភ្នាក់ងារឯកជនទាំងនោះ គឺត្រូវបង់មកឱ្យស្ថានទូត ដែលជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់ស្ថានទូត។

ក្នុងករណីដែលមានបុគ្គលណាប្រើប្រាស់ឈ្មោះមន្ត្រីស្ថានទូត ទាមទារប្រាក់កម្រៃសេវារៀបចំឯកសារសម្រាប់វិលត្រឡប់ទៅកម្ពុជាវិញ ឬមានការចាំបាច់បន្ទាន់ បងប្អូនប្រជាពលរដ្ឋ ពលករ/ពលការិនីអាចទាក់ទងមកស្ថានទូតតាមលេខទូរស័ព្ទ ឬបញ្ជូនសារតាម WhatsApp មកកាន់លេខ៖

- កិច្ចការកុងស៊ុល៖ (+60) 177942368
- កិច្ចការពលករ៖ (+60) 1126263390 និង (+60) 163685386 ៕