(ភ្នំពេញ)៖ វិស័យសំណង់ គឺជាវិស័យមួយដែលបាន និងកំពុងដំណើរការយ៉ាងមមាញឹក នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស។ ដើម្បីឲ្យវិស័យនេះ នៅតែដំណើរការដដែល បើទោះបីប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយនោះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង តែងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះ នៅតែដំណើរការទៅមុខ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានបើកកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណា ឲ្យវិស័យឯកជន ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផង។

លោក ឃួង ស្រេង បានលើកឡើងថា «ជំងឺកូវីដ១៩ បានរីករាលដាលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតដល់រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ យើងបានធ្វើការងារនេះ ទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះ រីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ»

លោកបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ កម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។

លោក ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឲ្យមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ មានគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជន ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ឲ្យបាន មានន័យថា បើទោះបី ជំងឺកូវីដ-១៩ នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។

លោកបានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀរគរធ្វើយ៉ាងណា រកវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់គ្នា ជាមួយនឹងការរក្សានូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ក៏បានលើកឡើង អំពីការយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ខណៈដែលនៅប្រទេសមួយចំនួន នៅអាស៉ី ចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់គេ មិនទាន់បាន ប៉ុន្មានភាគរយនៅឡើយ។ លោកបានបន្តថា ការចាក់វ៉ាក់សាំង ជាមួយនិងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋបក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជននៅតែដំណើរការទៅមុខ មិនអាក់ខានដោយសារ កូវីដ១៩ នោះទេ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ កក្កដាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ ម្ចាសំការដ្ឋាន អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាតបំផុតផងដែរ៕