(បាត់ដំបង)៖​ ទីតាំងសៃឡូប្រមូលទិញដំឡូងហាលក្រៀម ដើម្បីដឹកយកទៅលក់ អោយឈ្មួញថៃមួយកន្លែង ដែលម្ចាស់ប្រើគំនិតទុច្ចរិត ចាក់ដីខ្សាច់លាយបន្លំធ្វើអោយធ្ងន់ ចំណេញគីឡូត៏ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខេត្តបាត់ដំបង ដឹកនាំដោយព្រះរាជអាជ្ញារង ចុះឆែកឆេររកឃើញនៅសល់ប្រមាណ១០០តោន ចាប់រឹបអូសយកដុតកំទេចចោល រួមទាំងឃាត់ខ្លួនម្ចាស់ និងកម្មករ៣នាក់យកទៅសួរនាំផងដែរ។

លោកឧត្តមសេនីយ៏ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលបានដឹកនាំកម្លាំងចុះ ទៅបង្ក្រាបករណីនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានថ្លែងប្រាប់អង្គភាព Fresh news អោយដឹងថាដោយមានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ដបាត់ដំបង បានអនុញាតអោយកម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដបាត់ដំបង សហការជាមួយកាំកុងត្រូលខេត្ដ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ហេង លុយបានចុះចាប់ឃាត់ទីលានហាលដំឡូងមីលាយដីខ្សាច់ នៅភូមិអូចំណិប ឃុំសាស្ដា ស្រុកសំពៅលូនខេត្ដបាត់ដំបង ដែលមានម្ចាស់ឈ្មោះ ហុង ហាន ភេទប្រុសអាយុ៥៤ឆ្នាំ ក្នុងនោះលោកហុងហានបានសារភាពថា ទីលានហាលដំឡូងសព្វថ្ងៃនេះ គាត់បានជួលទៅអោយ បុរសម្នាក់ជាជនជាតិថៃ ដែលមានឈ្មោះណាយ ថងស្សាក់ឌីភិកុលថងភេទប្រុសអាយុ ៤១ឆ្នាំ។

តាមចំលើយរបស់ឈ្មោះហុង ហានបានអោយដឹងទៀតថា បុរសជនជាតិថៃបានបញ្ជាអោយកម្មករ របស់គាត់យកដីខ្សាច់ មកលាយក្នុងដំឡូងមី ដែលចិតរួចក្នុងមួយតោនដំឡូង លាយដីខ្សាច់៤០% ។ នៅថ្ងៃដដែលលោកព្រះរាជអាជ្ញារង បានសំរេចរឹបអូសវត្ថុតាងទាំងអស់ ប្រមាណ១០០តោន ធ្វើការដុតកំទេចចោលនៅនឹងកន្លែង បច្ចុប្បន្នជនសង្ស័យចំនួន៣នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង បញ្ជាអោយនាំខ្លួនមកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដបាត់ដំបង ដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថាថ្មីនេះក្រសួងពាណិជ្ជកម្ម បានខិតខំទៅចរចារកទីផ្សារអន្ដរជាតិ នៅប្រទេសចិនដូចជាដំឡូងហាលស្ងួត ពោត អង្ករ...ដើម្បីអោយប្រជាកសិករខ្មែរមានទីផ្សារលក់ដូរ និងមានការងារធ្វើនៅក្នុងស្រុក៕