(ភ្នំពេញ)៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី បានស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ការស្តាទាំងនេះនឹងបញ្ចប់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។

ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះរួមមាន៖

* ប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រ និងជម្រៅ ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយ តាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។

* ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។

* ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះបានបញ្ចប់ ១០០ភាគរយហើយ។

* ប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននឹងកំពុងស្ថាបនា ដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ មានប្រវែងជាង ១ ៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់ យ៉ាងណាក្តី តែប្រឡាយនេះអាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ។

* ប្រឡាយមេម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង ២ ៨១៥ម៉ែត្រ ទទឹងចាប់ពី ២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយ៍បូមទឹកលូ៥ ដល់ស្ថានីយ៍បូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

* ប្រឡាយមេ២ខ្សែ នៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារបានស្តារ ដើម្បីបើកមុខទឹកឱ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែក នៃខណ្ឌពោធិ៍សែនជ័យ។

* ការស្តារប្រឡាយមេបឹងទំពន់ ដែលមានប្រវែង ៣ ៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះ ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

* ស្តារព្រែកអូរខ្សាច់ ដែលមានប្រវែង ១៦ ៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤ ៧៥០ម៉ែត្រ។ ប្រឡាយនេះមានតួនាទីរំដោះទឹកចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោកតែម្ដង។

* ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែងជាង ២គីឡូម៉ែត្រ ចាប់ពីស្ពានថ្ម ផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តាររួចរាល់ ១០០ភាគរយហើយ។

* ការស្តារប្រឡាយមេបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ ការងារកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ និងបានបញ្ចប់ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ កន្លងមក៕