(មណ្ឌលគិរី)៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងអាជ្ញាធរស្រុក នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១១៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅក្នុងឃុំស្រែហ៊ុយ និងឃុំរយ៉ ស្រុកកោះញែក ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

នៅក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល។

លោក ស្វាយ សំអ៊ាង ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។

បន្ថែមលើសនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យសូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

បន្ទាប់មកអាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងដីសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកកោះញែក៕