(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែន សរុបចំនួន១២០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងាររបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី ដើម្បីចែកជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ជំនួសមុខឲ្យកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសឧបត្ថម្ភផ្លែមៀនតាង៉ែន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញផ្លែមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕