(ភ្នំពេញ)៖ ការអនុវត្តផែនការសកម្មភាព៣ឆ្នាំ២០១៨-២០២០ នៃការបោសសំអាតមីន កម្ពុជាបានរំដោះផ្ទៃដីចំនួន ៤២១គីឡូម៉ែតក្រឡា ស្មើនឹង៦៦% នៃផែនការ៣ឆ្នាំ រកឃើញនឹងកំទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤៩,២៥៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៩៥៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២២១,៣៧២ គ្រាប់ និងមានមានអ្នកទទួលផលប្រមាណ២លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ២,៨៤០,៦១២នាក់ បានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) តាមរយៈប្រពន្ធវីដេអូ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយ មានការចូលរួមពីភ្នាក់ងារអន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅកម្ពុជា និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តផងដែរ។

នៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំក៏បានលើកឡើងអំពីតម្រូវការ និងបញ្ហាប្រឈមនានាក្នុងវិស័យសកម្មភាពមីន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រមទាំងការកៀរគរ ធនធានគាំទ្រ ការអនុវត្តផែនការ សកម្មភាព៣ឆ្នាំបន្ត២០២១-២០២៣ ក្នុងការឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ក៏ដូចជាឆ្លើយតប ទៅនឹងការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបន្តកើតមានឡើងក្នុងអត្រាខ្ពស់មួយ ដោយគិតត្រឹមរយៈពេលប្រមាណ៧ខែ ក្នុងឆ្នាំ២០២១នេះ មានជនរងគ្រោះចំនួន៣២នាក់។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងអំពីទស្សនវិស័យ សុឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាប្រវត្តិសាស្រ្ត ក្នុងការស្វែងរក សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសបានការបញ្ចប់សង្រ្គាមទូទាំងប្រទេស តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមមគ្គុទេសក៏ដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាការចូលរួមចំណែកដល់កិច្ចគាំពារ ដល់សន្តិភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទ ចាប់ពីការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩ រហូតដល់ ការបោសសម្អាតមីនដើម្បីចូលរួមការអភិវឌ្ឍ និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការ សហប្រជាជាតិក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២០ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់ចំណុចរបត់មួយបញ្ចប់នៃផែនការអនុវត្តបីឆ្នាំ២០១៨-២០២០ ក្នុងពេលជាមួយគ្នាដែលប្រទេសកម្ពុជា កំពុងរងគ្រោះដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ទោះបីយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្មដោះស្រាយ និងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយពង្រឹងសមត្ថភាពសុខាភិបាលថ្នាក់ជាតិ និងផ្តល់កញ្ចប់ថវិកាជំរុញវិស័យសេដ្ឋកិច្ចជាតិ និងកិច្ចគាំពារសង្គម ជួយដល់គ្រួសារក្រីក្រ និងអាជីវកម្មក្នុងស្រុក ដើម្បីធានាស្ថិរភាព និងភាពរឹងមាំនៃសង្គមកម្ពុជាផងដែរ៕