(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍កំបូល បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ខណៈដែលម្ចាស់ចតទុកនៅមុខបន្ទប់ជួលមួយកន្លែង ព្រមទាំងដកហូតបានម៉ូតូរួមជាមួយស្លាកលេខម៉ូតូច្រើនបន្ទះ និងគ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀតផងដែរ។

ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ១២៖៣០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលបាននិយាយថា ជនសង្ស័យទី១ ឈ្មោះ ម៉ី ដាវង្ស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)ក្នុងខ្លួន និងជនសង្ស័យទី២មានឈ្មោះ ស៊ឹម សុភាព អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)ក្នុងខ្លួនទេ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ហៀត ឈួនអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងនៅមុខបន្ទប់ជួល។ បន្ទាប់ពីចាក់សោករួច ជនរងគ្រោះបានចូលទៅដេកនៅខាងក្នុងបន្ទប់។

លុះដល់ពេលកើតហេតុជនសង័្សយទាំង២នាក់ បានទៅធ្វើសកម្មភាពលួចកាច់ម៉ូតូបានសម្រេច ហើយបានជិះគេចខ្លួន ប៉ុន្តែម្ចាស់ម៉ូតូភ្ញាក់ពីដេកឃើញទាន់ ក៏ស្រែកឆោឡោថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល កំពុងល្បាតតាមផ្លូវនោះឮក៏បានជួយដេញតាមស្ទាក់ចាប់បានជនសង្ស័យម្នាក់និងរត់រួចម្នាក់។

ក្រោយចាប់ខ្លួន កម្លាំងបាននាំទៅសាកសួររហូតដល់ថ្ងៃទី២៤ ខែសីហា លោក ឈឹម សាវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌកំបូល បានដឹកនាំកម្លាំងចុះទៅចាប់បក្ខពួកបានម្នាក់ទៀត ដោយដកហូតបានម៉ូតូ២គ្រឿង ព្រមទាំងស្លាកលេខម៉ូតូចំនួន៥បន្ទះ រួមនិងគ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀត។

ស្របពេលនេះផងដែរលោក ឈឹម សាវុធ បានអំពាវនាវដល់អ្នកដែលបាត់ម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1AA-6748 សូមយកឯកសារទៅទទួលយកវិញផង។ ចំណែកជនសង្ស័យទាំង២នាករួមទាំងវត្ថុតាង និងត្រូវបញ្ជូនទៅកាន់តុលាការនាព្រឹកថ្ងៃទី២៦ ខែសីហា ស្អែកនេះហើយ៕