សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យបង្កើតកម្មវិធីជួបជុំ រវាងនាយករដ្ឋមន្រ្តី និងបណ្តាអ្នកសារព័ត៌មានរៀងរាល់ឆ្នាំ
29-03-2016 17:03
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានឯកភាពជាមួយសំណើ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលស្នើឱ្យមានកម្មវិធីជួបជុំរវាង នាយករដ្ឋមន្រ្តី និងតំណាងបណ្តាសារព័ត៌មាននានា រៀងរាល់ឆ្នាំ។
សម្តេចបានលើកឡើងថា កម្មវិធីនេះ គឺជាកម្មវិធីល្អ ដែលអាចឱ្យមានការជជែកគ្នារវាងមេដឹកនាំ ជាមួយនឹងអ្នកសារព័ត៌មានហើយថា បើសិនជាមានកម្មវិធីទទួលទានអាហារ និងរាំកម្សាន្តថែមទៀត នឹងរឹតតែល្អ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់បុគ្គល និអ្នកនយោបាយមួយចំនួន កុំឱ្យចោទថា សម្តេចបានទិញទឹកចិត្តអ្នកសារព័ត៌មានឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យ លោក ខៀវ កាញារីទ្ធ រៀបចំកំណត់ពេលវេលា នៅថ្ងៃណាមួយ ដើម្បីជួបជុំជាមួយអ្នកសារព័ត៌មានក្នុងឆ្នាំនេះ៕