(ភ្នំពេញ)៖ មហាសន្និបាតប្រចំាឆ្នាំ នៃអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃមកនេះ។

មុនបិទបញ្ចប់តួនាទីរបស់ខ្លួន លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាត AIPA លើកទី៤២ និងជាប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់តួនាទីប្រធានអាយប៉ា លើកទី៤៣ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ដោយសារមហាសន្និបាតលើកទី៤២ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការប្រផ្ទេរតួនាទីប្រធានប្តូរវេនអាយប៉ា ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្វើឡើងតាមរយៈ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសព្រុយណេដារូស្សាឡាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួលញញួរអាយប៉ា ពី លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប។

លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ក៏ដូចជាសមាជិកអាយប៉ាទាំងអស់ មានក្តីសោមនស្សជាទីបំផុត ចំពោះការប្តូរវេនប្រធានអាយប៉ាដល់សភាកម្ពុជា និងមានជំនឿមុតមាំថា ក្រោមការដឹកនាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នឹងកាន់តែទទួលបានសមិទ្ធផលធំធេងនៅក្នុងការលើកកម្ពស់យន្តការសភា និងជំរុញកិច្ចសហប្រតិបត្តិការ សាមគ្គីភាពរវាងអាស៊ាននិងអាយប៉ា ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកប្រកបដោយប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរដល់ក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសព្រុយណេដារូស្សាឡាម ដែលបានរៀបចំមហាសន្និបាតអាយប៉ាលើកទី៤២ ដោយជោគជ័យតាមប្រព័ន្ធវីដេអូ ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ យ៉ាងណាក្តី។ ក្នុងនាមសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច សូមទទួលយកការទទួលខុសត្រូវក្នុងនាមជាប្រធានអាយប៉ាប្តូរវេនពី លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម។

សម្តេចបានជម្រាបគ្រួសារអាយប៉ាថា មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងគ្រោងរៀបចំឡើងក្នុងខែកញ្ញា ឆ្នាំ២០២២។ សម្តេចបានគូសបញ្ជាក់ថា ដោយសារភាពមិនច្បាស់លាស់ ជុំវិញនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អាយប៉ានឹងជួបគ្នាតាមរយៈវិធីណាមួយ ដែលអាចធ្វើទៅបាន តែសម្តេចមានជំនឿថា មហាសន្និបាតលើកទី៤៣ គ្រួសារអាយប៉ាអាចនឹងជួបគ្នាដោយផ្ទាល់នៅលើទឹកដីដ៏បវរនៃព្រះរាជាណាចក្រកម្ពុជាដោយសារពេលនោះ ជំងឺកូវីដ-១៩ អាចនឹងត្រូវបានគ្រប់គ្រង និងសាបរលាបពីពិភពលោកនេះ។

ជាការកត់សម្គាល់ពីរឆ្នាំហើយដែលមហាសន្និបាតអាយប៉ា រៀបចំតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ អន្តរសភាអាស៊ាន (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ វេទិកាសភានេះ ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ អន្តរសភាអាស៊ាន រៀបចំមហាសន្និបាតប្រចំាឆ្នាំ នៅរៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកប្តូរវេន រៀបចំតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។

ក្នុងឋានៈជាប្រធានអាយប៉ាលើកទី៤៣ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា សភាកម្ពុជារង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋានអាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ា ព្រមទាំងបណ្តាប្រទេសជាដៃគូរនានា ដើម្បីបន្តពង្រឹងការងារល្អរបស់យើង និងធានាឱ្យសម្រេចបាននូវចក្ខុវិស័យ និងសេចក្តីប្រាថ្នារួមរបស់អាស៊ាន ជាពិសេសការសម្រេចឱ្យបាននូវសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងមានប្រជាជនជាស្នូល។

សូមរម្លឹកដែរថា មហាសន្និបាតលើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ ក្រោមមូលបទស្តីពី «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥»។ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរួមគ្រប់សកម្មភាពនិងកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់មហាសន្និបាត ក្នុងនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ា កាលពីថ្ងៃទី២៣ សីហាកន្លងមកនេះ។ នៅក្នុងឱកាសនេះសម្តេចបានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។

សម្តេចបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥» សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យមានភាពរស់រវើកដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល។ គោលនយោបាយនេះ នឹងរួមចំណែកដល់ការជំរុញការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពថ្មី។

ក្រៅពីនេះ សមាជិកគណៈប្រតិភូសភាកម្ពុជា បានចូលរួមគ្រប់កិច្ចប្រជុំគណៈកម្មាធិនានារបស់អាយប៉ា មានកិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច និងគណៈកម្មាធិការរៀបចំ ជាដើម នៅក្នុងការចែករំលែកទស្សនយោបល់ទៅក្នុងសេចក្តីសម្រេចផ្សេងៗដែលបានលើកឡើងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅក្នុងតំបន់និងសកលលោក ដូចជាបញ្ហា សន្តិសុខ ការប្រែប្រួលអាកាសធាតុ សង្គម សុខភាព និងសមភាពយ៉េនឌ័រជាដើម៕