(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក បានគូសរំលេចថា កម្រិតទឹកភ្លៀងដែលបានធ្លាក់នៅក្រុងព្រះសីហនុ រយៈពេលជាង៥ម៉ោងកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គឺមានបរិមាណជិត ៣០០មីល្លីម៉ែត្រ ប៉ុន្តែ វាបានប្រើពេលវេលាប្រមាណតែ ៩០នាទីប៉ុណ្ណោះ ទឹកដែលលិចលង់តាមតំបន់ទំនាបមួយចំនួន បានហូរស្រកអស់ទាំងស្រុង ផ្ទុយពីស្ថានភាពបែបនេះ ដែលធ្លាប់កើតមានឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ កន្លងទៅ គឺបរិមាណទឹកភ្លៀងធ្លាក់ប្រហាក់ប្រហែលគ្នា ប៉ុន្តែវាបានប្រើពេលវេលារហូតទៅដល់ ៧២ម៉ោង ទើបស្ថានភាពជំនន់បានធូរស្រាល។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានចាត់ទុកថា ឆ្លងតាមការប្រៀបធៀប នៃជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុខាងលើនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយ៉ាងល្អប្រសើរ របស់រាជរដ្ឋាភិបាល ដែលបានខិតខំ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកនៅខេត្តមួយនេះនាពេលកន្លងទៅ។

តែទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់រូបនេះ បានចូលរួមសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ដល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ រហូតបាត់បង់ជីវីតមនុស្សម្នាក់ ដោយសារតែគ្រោះធម្មជាតិមួយនេះ ប៉ុន្តែបើស្ថានភាពនៃការធ្លាក់ភ្លៀង យ៉ាងខ្លាំងបែបនេះ ក្នុងពេលដែលហេដ្ឋារចនាសម្ព័ន្ធដោះទឹក មិនទាន់រៀបចំរួចរាល់នោះ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាងនេះទៅទៀត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថា «តាមការកត់ត្រា ទោះបីខេត្តព្រះសីហនុនៅតំបន់មាត់សមុទ្រ ប៉ុន្តែភ្លៀងដែលធ្លាក់គំហុកក្នុងកម្រិតជិត ៣០០ ម.ម គឺកម្រកើតមានណាស់ ពិសេសក្នុងកំឡុងពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ។ ការធ្លាក់ភ្លៀងបែបនេះ កើតមាន២ដង គឺនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១នេះ»

លោកបន្តថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ភ្លៀងបានធ្លាក់រយៈពេលប្រមាណ ១០ម៉ោង គឺចាប់ពីពេលព្រលប់រហូតដល់ជិតភ្លឺ ដែលមានបរិមាណទឹកភ្លៀងសរុប ២៧២ មម តែនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ភ្លៀងបានធ្លាក់ក្នុងរយៈពេលប្រមាណ ៥ម៉ោង (ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៩យប់) ប៉ុន្តែការធ្លាក់ភ្លៀងយ៉ាងគំហុកខ្លាំងមានរយៈពេល ៣ម៉ោង (ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់) ដែលទឹកភ្លៀងធ្លាក់សរុបមានចំនួន ២៧៩ មម។

ចំណុចប្រៀបធៀប៖

*២០១៩៖ ភ្លៀងធ្លាក់ក្នុងរយៈពេលយូរជាង ការលិចលង់មានច្រើនជាង (ពេលនោះលិចខ្លាំងនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤)។ ក្រោយពេលមេឃរាំងរយៈពេលរហូតដល់ទៅ ៣៦ម៉ោង ទើបទឹកជំនន់ចាប់ផ្ដើមស្រកនៅសង្កាត់លេខ៣ ហើយរយៈពេលប្រមាណ ៧២ម៉ោងក្រោយមក ទើបស្ថានភាពជំនន់បានស្រកធូរស្រាល។

*ឆ្នាំ២០២១៖ ភ្លៀងធ្លាក់រយៈពេលខ្លីជាង តែមានបរិមាណច្រើនជាង។ ឯការលិចលង់មានតែនៅសង្កាត់លេខ៤តែប៉ុណ្ណោះ ឯកសង្កាត់លេខ៣ ពុំមានការលិចទេ។ អ្វីដែលចាប់អារម្មណ៍ គឺក្រោយពេលភ្លៀងរាំងប្រមាណ ៩០នាទី ទឹកជំនន់បានស្រកអស់ទាំងស្រុង។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។

ឆ្លងតាមការប្រៀបធៀបខាងលើនេះ លោក ចាន់ យុត្ថា បានសន្និដ្ឋាន និងរំលេចឲ្យឃើញពីប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលបានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធដោះទឹក នៅខេត្តព្រះសីហនុក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកា ជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្រិតទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់កាលពីយប់មិញ ដែលមានបរិមាណសរុបជិត ៣០០មីលីម៉ែត្រ បណ្តាលឱ្យជនលិចតំបន់ទំនាបមួយចំនួន រហូតដល់វេលាម៉ោង១០យប់ ទើបទឹកភ្លៀងបានស្រកទៅវិញ ក្រោយពីហូរធ្លាក់ចូលអូរ ប្រឡាយសំំខាន់ៗបន្តទៅសមុទ្រ។ របាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្រុងទេសចរណ៍មួយនេះ ក្រៅពីខូចខាតលំនៅឋាន និងកំណាត់ផ្លូវខ្លះ គឺបណ្តាលឱ្យបុរសជនជាតិម្នាក់ស្លាប់ ហើយសពរបស់គាត់ត្រូវបានរកឃើញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

ក្រោយពីភ្លៀងធ្លាក់ខ្លាំងជនលិចតំបន់ទំនាបមួយចំនួន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ ជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធានៅមូលដ្ឋាន សមុទ្ររាម ចេញប្រតិបត្តិការជួយអន្តរាគមន៍ភ្លាមៗ ខ្លាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅតាមលំឋាន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាកកម្លាំងទាំងអស់ ទាំងមធ្យោបាយ និងសម្ភារសរុបត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង នៅពេលមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង។ ទន្ទឹមគ្នានេះ កម្លាំងនគរបាលក៏បានចុះរឹតបន្តឹង ចុះណែនាំទៅដល់ប្រជាពលរដ្ឋនៅតាមឆ្នេរ តាមផែ និងតាមកោះ ជាពិសេសបងប្អូនប្រជានេសាទ ត្រូបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបញ្ជាក់ថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម