(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែសីហានេះថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) នៅតែបន្តដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ដំបូងលើការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះបន្តទៀត ទោះបីអង្គការសង្គមស៊ីវិលទាំងប៉ុន្មាននេះមិនចូលរួមក៏ដោយ។

បើតាមមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានឱ្យដឹងថា លោក Pradeep Wagle ជម្រាបជូនប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា OHCHR បានធ្វើការសម្របសម្រួលជាមួយក្រុមអង្គការសង្គមស៊ីវិលទាំង៦០ ប៉ុន្តែពួកគេបានបដិសេធ មិនចូលរួមដោយអះអាងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ។ ដូច្នេះបើទោះបីអង្គការសង្គមស៉ីវិលទាំងនេះមិនចូលរួម ក៏ OHCHR នៅតែធ្វើកិច្ចការងារលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលជាស្ថាប័នមួយ ត្រូវបង្កើតឡើងស្របតាមគោលការណ៍អន្តរជាតិ ដើម្បីជួយធ្វើការផ្នែកសិទ្ធិមនុស្ស និងបើកទូលាយឱ្យមានការចូលរួមពីសាធារណជនតាមរយៈ Telegram នឹងអញ្ជើញអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលមិនមានរបៀបវារៈនយោបាយ ដែលចង់ចូលរួម។

ការបញ្ជាក់ឱ្យដឹងបែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយបញ្ចប់កិច្ចជំនួបពិភាក្សារវាង លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) នៅតែបន្តដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ដំបូងលើការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះបន្តទៀត ទោះបីអង្គការសង្គមស៊ីវិលទាំងប៉ុន្មាននេះមិនចូលរួម ប៉ុន្តែនៅតែបើកទូលាយឱ្យមានការចូលរួមពីសាធារណជនតាមរយៈ Telegram នឹងអញ្ជើញអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលមិនមានរបៀបវារៈនយោបាយ ដែលចង់ចូលរួមយើងនឹងអញ្ជើញឱ្យចូលរួម»

លោក ជិន ម៉ាលីន បានបន្តថា គណៈកម្មាធិការសិទ្ធិមនុស្ស និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងធ្វើការសហការគ្នា រៀបចំសិក្ខាសាលាពិគ្រោះយោបល់អន្តរជាតិ តាមប្រព័ន្ធ Online ដែលមានការចូលរួមពីបណ្តាអង្គទូត ពីបណ្តាអង្គការជាតិ អង្គការអន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់សកលលោកដែលមានបំណងចង់ចូលរួម ហើយចង់ផ្តល់យោបល់ទៅលើច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ នៅពេលខាងមុខនេះ។

បើតាមលោក ជិន ម៉ាលីន នៅក្នុងកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលនានាពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក និងក្រុមតេឡេក្រាមរបស់ខ្លួន។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR-Cambodia ក៏គ្រោងនឹងរៀបចំឱ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់ និងអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR-Cambodia បន្តសហការអញ្ជើញក្រុមការងារអង្គការសង្គមស៊ីវិលចូលរួមក្នុងកិច្ចពិគ្រោះយោបល់ផងដែរ៕